ប្រទេសមីយ៉ាន់ម៉ា ៖ ក្រុមហ៊ុន Total E&P Myanmar បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទិញភាគហ៊ុន៤០% នៅក្នុងប្លុក A-6 នៃតំបន់ប្រេងក្នុងដែនសមុទ្រមីយ៉ាន់ម៉ា ។
ប្លុកនៃការធ្វើអាជីវកម្មរុករកប្រេងនេះមានទីតាំងស្ថិតនៅ Rakhine Basin ឆ្ងាយពីឆេ្នរសមុទ្រភាគខាងលិចរបស់មីយ៉ាន់ម៉ា ក្នុងឈូងសមុទ្រ Bengal ដែលគ្រប់គ្រងដោយក្រុមហ៊ុន Myanmar Petroleum ។
សហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា (MOGE) បានអនុម័តលើការលក់ហ៊ុននេះ ដែលគេសង្កេតឃើញប្លុកនោះគ្រប់គ្រង៤០% ដោយក្រុមហ៊ុន Woodside និង Total ហើយ២០% ដោយក្រុមហ៊ុនម្ចាស់ស្រុក (MPRL) នៅដើមខែតុលា ។
លោក Xavier Preel អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Total E&P Myanmar បានប្រាប់កាសែតមីយ៉ាន់ម៉ាថែមស៍ថា ៖ «យើងនឹងចាប់ផ្តើមរុករកក្នុងទឹកជ្រៅឲ្យកាន់តែឆាប់ គឺក្នុងរង្វង់២.០០០ម៉ែត្រ ។ ប្រសិនជាយើងរកឃើញឧស្ម័ននោះ យើងនឹងប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ» ។
ប្លុក A-6 គ្របដណ្តប់លើផ្ទៃដី៩.៨៣០ម៉ែត្រក្រឡាក្នុងជម្រៅទឹកចន្លោះពី២០ម៉ែត្រ និង២.៥០០ម៉ែត្រ ។
យោងតាមសន្និសីទរបស់ក្រុមហ៊ុន MPRL ដែលចេញផ្សាយកាលពីដើមខែនេះថា កោះ British Virgin បានចុះបញ្ជីជាមួយក្រុមហ៊ុន MPRL និង MOGE លើកិច្ចព្រមព្រៀងស្តីពី «ការចែករំលែកផលិតកម្ម» សម្រាប់ប្លុកនេះរួចមកហើយកាលពីឆ្នាំ២០០៧ ។
ចំណែកលោក Moe Myint នាយកប្រតិបត្តិរបស់ MPRL ថ្លែងថា ៖ «លោកមានក្តីរីករាយក្នុងការធ្វើជាដៃគូជាមួយបណ្តាក្រុមហ៊ុនប្រេងអន្តរជាតិ ដូចជា Total និង Woodside ដោយសំអាងទៅលើបទពិសោធន៍របស់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មរុករកប្រេងក្នុងស្រុក ដែលជាការលើកទឹកចិត្តសម្រាប់ភាពជាដៃគូ» ។
ក្នុងអំឡុងខែមីនា ឆ្នាំ២០១២ ក្រុមហ៊ុនបានប្រកាសថា ធនធានឧស្ម័នត្រូវបានរកឃើញក្នុងការសាកល្បង Pyi Thar-1ST របស់ខ្លួនបានផ្តល់ឲ្យប្លុកនេះមានសក្តានុពលនូវលទ្ធភាពដែលអាចធ្វើពាណិជ្ជកម្មបាន ។ក្រោយមក Woodside Energy បានទិញភាគហ៊ុន៥០% នៅក្នុងប្លុកនោះក្នុងខែមករា ឆ្នាំ២០១៣ ។
ក្រុមហ៊ុនថ្មី ដឹកនាំដោយ Total បច្ចុប្បន្ននឹងដឹកនាំសកម្មភាពនានាកាន់តែច្រើនក្នុងការរុករក ហើយនឹងចាប់ផ្តើមខួងបូមយកប្រេងនៅកន្លែងថ្មី ដែលអំណោយផលល្អ និងស្គាល់ថាជាតំបន់ Shwe Yee Htun ។
លោក Preel ឲ្យដឹងថា ៖ «ការរកឃើញរបស់យើងអាចជាលាភធំមួយអាចផ្លាស់ប្តូរការទារពន្ធឧស្ម័ននៅក្នុងប្រទេសមីយ៉ាន់ម៉ា» ។
កាលពី២ឆ្នាំមុន យ៉ាងហោចណាស់ ការរកឃើញតំបន់ធនធានឧស្ម័នពីរ កាលពីដើមឡើយត្រូវបានបង្កើតឡើងនៅក្នុងប្លុក A6 និង ប្លុក M3 មានប្រតិបត្តិដោយក្រុមហ៊ុនថៃ PTTEP ប៉ុន្តែប្លុកទាំងនោះមិនទាន់ត្រូវបានអនុញ្ញាតជាផ្លូវការនៅឡើយទេពីលទ្ធភាពដែលអាចប្រកបពាណិជ្ជកម្មបាន ។
បណ្តាក្រុមហ៊ុនប្រេងអន្តរជាតិមួយចំនួនបានរៀបចំផែនការសកម្មភាពរុករកនៅក្នុងដែនសមុទ្រមីយ៉ាន់ម៉ានៅខែខាងមុខ បើទុកជាក្នុងករណីខ្លះនីតិវិធីត្រូវបានពន្យារតាមរយៈការធ្លាក់ចុះនៃតម្លៃឧស្ម័នអន្តរជាតិយ៉ាងណាក្តី ។
ក្នុងនោះ Total គ្រោងនឹងដំឡើងទីតាំងឈរជើងសម្រាប់ផលិតកម្មឧស្ម័នក្នុងគម្រោង Badamyar របស់ខ្លួននៅក្នុងឈូងសមុទ្រ Martaban ផងដែរ ហើយក៏កំពុងខួងអណ្តូងអភិវឌ្ឍន៍ចំនួនបួនផ្សេងទៀតដើម្បីពង្រីកគម្រោង Yadana ក្នុងសមុទ្រ Andaman ។
ក្រុមហ៊ុនប្រេងយក្សរបស់បារាំងមួយនេះ ក៏បានសន្យាវិនិយោគ៧០លានដុល្លារនៅក្នុងប្លុកនោះ ក្នុងអំឡុងពេលរុករក៨ឆ្នាំថែមទៀតផង ។
ម្យ៉ាងទៀត Total ជាក្រុមហ៊ុនប្រេងអន្តរជាតិនាំមុខគេក្នុងប្រទេសមីយ៉ាន់ម៉ា ដែលប្រតិបត្តិការគម្រោង Yadana និងប្លុកប្រេងក្នុងដែនសមុទ្រដទៃទៀត ។ ម្យ៉ាងទៀត ខ្លួនក៏ទិញហ៊ុន៤០% នៅក្នុងប្លុក M-11 ពីក្រុមហ៊ុនថៃ PTTEP កាលពីឆ្នាំ២០១២ ផងដែរ ៕
ចែករំលែកព័តមាននេះ