ប្រទេសវៀតណាម ៖ បរិមាណស្រី្តវៀតណាមក្នុងការបំពេញតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមបណ្តាក្រុមហ៊ុនសាធារណៈ គឺនៅតែមានចំនួនតិចតួចនៅឡើយ ប៉ុន្តែរូបភាពនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពកាន់តែភ្លឺច្បាស់ជាងមុន ប្រសិនបើសង្កេតមើលលើក្រុមហ៊ុនធំបំផុតរបស់វៀតណាម ។
ក្នុងចំណោមក្រុមហ៊ុនចំនួន៦៨០ ដែលបានចុះបញ្ជីលើការជួញដូរផ្សារមូលបត្រជាតិពីរ មានតែ៥%ប៉ុណ្ណោះស្ថិតក្រោមការគ្រប់គ្រងដោយស្ត្រីជានាយិកាប្រតិបត្តិ ។ ទីផ្សារមូលធនភាវូបនីយកម្មរបស់បណ្តាក្រុមហ៊ុនដឹកនាំដោយស្ត្រីទាំងនោះ ស្មើនឹង២០%នៃទីផ្សារមូលធនភាវូបនីយកម្មសរុបទាំងអស់ ឬ១១,៦ប៊ីលានដុល្លារ ។
ចំណែកក្នុងចំណោមក្រុមហ៊ុនធំជាងគេបំផុតមួយចំនួនក្នុងប្រទេសវៀតណាម ដូចជា Vinamilk (VNM) ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ VinGroup (VIC) ក្រុមហ៊ុនវិស្វកម្មអគ្គិសនី (REE) ក្រុមហ៊ុន FLC Group (FLC) និង ក្រុមហ៊ុនអភិវឌ្ឍភាគហ៊ុន Kinh Bac City គឺសុទ្ធសឹងតែប្រតិបត្តិការដោយស្ត្រីជានាយិកាប្រតិបត្តិ ។
ក្នុងចំណោមថ្នាក់ដឹកនាំជាស្ត្រីដែលលេចធ្លោទាំងអស់នោះ លោកស្រី Mai Kieu Lien បានប្រកបការងារនៅក្នុងវិស័យឧស្សាហកម្មអស់រយៈកាលជិតបួនទសវត្សមកហើយ ម្យ៉ាងទៀតគាត់ក៏បានបម្រើការងារជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន Vinamilk ចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ ។
អ្នកវិភាគលើកឡើងថា លោកស្រី Mai Kieu Lieu ស្ថិតក្នុងចំណោមស្ត្រីអ្នកជំនួញដែលមានឥទ្ធិពលបំផុត ។ លោកស្រីបានកសាងកេរ្តិ៍ឈ្មោះសម្រាប់ភាពម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ចំពោះនិយោជិត និងវិនិយោគិនទាំងឡាយ ។
ម្យ៉ាងទៀត លោកស្រី Mai Kieu Lieu ក៏បានជាប់ឈ្មោះក្នុងបញ្ជីស្ត្រីអ្នកជំនួញ ដែលមានឥទ្ធិពលបំផុតក្នុងតំបន់អាស៊ីរបស់ទស្សនាវដ្តី Forbes ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ។ ក្រោមការដឹកនាំរបស់លោកស្រី Vinamilk ត្រូវបានចុះបញ្ជីនៅកំណើនដ៏រឹងមាំនៃចំណូល និងប្រាក់ចំណេញចាប់តាំងពីការចុះបញ្ជីក្នុងឆ្នាំ២០០៦ ។
Vinamilk គឺជាក្រុមហ៊ុនធំជាងគេបំផុតនៅលើផ្សារហ៊ុនវៀតណាម និងទីផ្សារមូលធនភាវូបនីយកម្មជាង៦ប៊ីលានដុល្លារ ។ ផ្សារហ៊ុនរបស់ខ្លួនសរុបមានចំនួន៣៩% ក្នុងឆ្នាំនេះ ។
អ្នកវិភាគលើកឡើងបន្ថែមថា ៖ «វាគឺជារឿងលំបាកសម្រាប់ស្ត្រីក្នុងការទទួលបានជោគជ័យលើមុខជំនួញរបស់ពួកគេនៅប្រទេសវៀតណាម ចាប់តាំងពីត្រូវគេរំពឹងថា ពួកគេនឹងចាប់យកមុខតំណែងធំៗពីរអាចជាអ្នកគ្រប់គ្រងក្រុមហ៊ុន និងមេផ្ទះ» ៕
ចែករំលែកព័តមាននេះ