ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ភាគច្រើន​អ្នកដឹកនាំ​ជា​ស្ត្រី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​ប្រទេស​កម្ពុជា បាន​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ដែល​ចាស់​គំ​រិល​ប្រៀប​បាន​នឹង​ការ​មើលងាយ​ទៅ​លើ​ស្ត្រី ។ ពី​មុនគេ​និយាយ​ថា «​ស្ត្រី​បង្វិល​ជើងក្រាន​មិន​ជុំ​» ឬ «​ស្ត្រី​ជា​ជើង​ក្រោយ​សម្រាប់​ដើរ​តាម​បុរស​ជើង​មុខ​»

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​ប្រទេស​កម្ពុជា បាន​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ដែល​ចាស់​គំ​រិល​ប្រៀប​បាន​នឹង​ការ​មើលងាយ​ទៅ​លើ​ស្ត្រី ។ ពី​មុនគេ​និយាយ​ថា «​ស្ត្រី​បង្វិល​ជើងក្រាន​មិន​ជុំ​» ឬ «​ស្ត្រី​ជា​ជើង​ក្រោយ​សម្រាប់​ដើរ​តាម​បុរស​ជើង​មុខ​» ហើយ​ស្ត្រី​ពី​ជំនាន់​មុន​មិនសូវ​បាន​រៀនសូត្រ​ចេះ​ដឹង​ជ្រៅជ្រះ​ប៉ុន្មាន​ទេ ដោយសារ​តែ​ពាក្យ​ទាំងនេះ​ហើយ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ស្ត្រី​មួយ​ចំនួន​ធំ​បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​ទាំង​ឯកជន និង​រដ្ឋ ។ ដោយឡែក ក្នុង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃនេះ​អ្នកដឹកនាំ​អាជីវកម្ម​ជា​ស្ត្រី ក៏​មាន​ចំនួន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដែរ ។

នៅ​ប្រទេស​កម្ពុជា ស្ត្រី​មាន​ចំនួន​៥២% នៃ​ប្រជាពលរដ្ឋ​សរុប និង​មាន​៧០% ធ្វើ​ការងារ​ដោយ​ប្រើ​កម្លាំង​ពលកម្ម ។ ស្ត្រី​ដែល​ជា​ម្ចាស់​អាជីវកម្ម ឬ​ធ្វើ​ការងារ​គ្មាន​ប្រាក់ខែ​មាន​ចំនួន​ប្រមាណ​ជា​៧៩% ទៅ​៨២% នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយ​ក្នុង​ឆ្នាំ​២០០៨ ។ ស្ត្រី​ភាគច្រើន​បាន​ចូលរួម​បង្កើត​សហ​គ្រាស ឬ​អាជីវកម្ម​ខ្នាត​តូច និង​វិស័យ​ក្រៅផ្លូវការ​ដែល​ប្រឈម​មុខ​នឹង​ការ​បរាជ័យ​ក្នុង​មុខរបរ​របស់​ខ្លួន ជា​ពិសេស​ពុំ​ទទួល​បានការ​ការពារ​លើ​មុខ​ជំនួញ​ទេ ។ លើស​ពី​នេះ​ទៀត បទដ្ឋាន​វប្បធម៌ កង្វះ​នៃ​ការ​ទទួល​បានការ​អប់រំ និង​ព័ត៌មាន​ទីផ្សារ និង​ការ​ប្រកួតប្រជែង​ជាមួយ​សហគ្រិន​បុរស ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ក្នុង​ការ​សម្រេច​បាន​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ផង​ដែរ ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច (Kb) របស់​កោះសន្តិភាព បាន​ជួប​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​ជាមួយនឹង​លោកស្រី កែវ មុំ ប្រធាន​សមាគម​សហ​គ្រិន​ស្ត្រី​កម្ពុជា និង​ជា​ស្ថាបនិក​សហគ្រាស​ផលិត​នំ​ស្រួយ​លី​លី ស្តី​ពី «​សហគ្រិន​ស្ត្រី និង​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​» ។

សូម​លោកស្រី​បកស្រាយ​ទៅ​លើ​ការ​កំណត់​រូបភាព​នៃ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ?
បើ​តាម​ច្បាប់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អាជីវកម្ម​ខាត​តូច និង​មធ្យម ត្រូវ​បាន​បែងចែក​ក្នុង​រូបភាព​ផ្សេង​ៗ​គ្នា ។ អាជីវកម្ម​ខ្នាត​តូច មាន​បុគ្គលិក​ចាប់ពី​១០​នាក់​ទៅ​៥០​នាក់ និង​មាន​ទុន​អ​ចល័ត (​ទ្រព្យ​) ពី​៥​ម៉ឺន​ដល់​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ចំណែកឯ​អាជីវកម្ម​ខាត​មធ្យម​មាន​បុគ្គលិក​ចាប់ពី​៥០​នាក់​ទៅ​១០០​នាក់ និង​មាន​ទុន​អ​ចល័ត​ចាប់ពី​២៥​ម៉ឺន​ទៅ​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

តើ​សហគ្រិន​ជា​ស្ត្រី​មាន​ចំនួន​ប៉ុន្មាន​ភាគរយ ?
បើ​យោង​តាម​អង្គការ​មួយ​ដែល​បាន​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​បង្ហាញ​ថា សហគ្រិន​ជា​ស្ត្រី​មាន​ចំនួន​៦៥% នៃ​សហគ្រិន​ទាំងអស់ ។  

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​ការ​បង្កើត​អាជីវកម្ម​ខាត​តូច និង​មធ្យម ?
បណ្តា​សមាគម ក្រសួង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ច្រើន​ក៏​មានការ​លើកទឹកចិត្ត​លើ​ស្ត្រី​យ៉ាងច្រើន​ដែរ ជា​ពិសេស​តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារព័ត៌មាន ដូច​ជា កាសែត វិទ្យុ ទូរទស្សន៍ ដើម្បី​ជំរុញ និង​លើក​ស្ទួយ​ដល់​ស្ត្រី​ឱ្យ​មានការ​ចូលរួម​ក្នុង​សង្គម រួម​ទាំង​វិស័យ​ជំនួញ​ផង​ដែរ ។

តាម​រយៈ​ការ​លើកទឹកចិត្ត​នេះ យើង​កត់សម្គាល់​ឃើញ​ថា ស្ត្រី​មាន​ភាព​ក្លាហាន និង​បាន​ចូលរួម​ច្រើន​ជាង​មុន ។ ងាក​ទៅ​មើល​បុរស​វិញ ក៏​ហាក់​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ ដោយ​បាន​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​ចូលរួម និង​បង្ហាញ​ពី​ឯករាជ្យ​ភាព​នៃ​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត និង​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង ។ រីឯ​ស្ត្រី​ផ្ទាល់​វិញ ក៏​មានការ​យល់​ដឹង​ច្រើន​ដែរ ទាំង​ការ​បណ្តុះបណ្តាល​ខ្លួនឯង​ឱ្យ​មានចំណេះ​ដឹង​បន្ថែម​លើ​វិស័យ​ជំនួញ មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ថា ស្ត្រី​ក៏​អាច​បំពេញ​កិច្ច​ការងារ​ដូច​បុរស​បាន​ដែរ ។

តើ​សហគ្រិន​ស្ត្រី​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ?
សហគ្រិន​ជា​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​មែន ប៉ុន្តែ​ពួក​គេ​ភាគច្រើន​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម រីឯ​ខ្នាត​ធំ​មាន​ចំនួន​តិចតួច​បំផុត​។ យើង​ដឹង​ហើយ​ថា ប្រពៃណី ទំនៀមទម្លាប់​របស់​ស្ត្រី​ខ្មែរ​យើង​ពិបាក​ចេញ​ទៅ​ខាងក្រៅ ឬ​ក៏​ចូលរួម​ក្នុង​សង្គម​ណាស់ ដោយសារ​ស្ត្រី​ភាគច្រើន​ត្រូវ​ទទួល​បន្ទុក​លើ​អាជីវកម្ម និង​កិច្ច​ការងារ​ផ្ទះសម្បែង ។ ដូចនេះ​ស្ត្រី​មានការ​លំបាក​ច្រើន​ក្នុង​ការ​ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​សង្គម​ដូច​បុរស ។

តើ​មាន​ស្ត្រី​ជា​សហគ្រិន​ប៉ុន្មាន​នាក់​បាន​ចូល​ជា​សមាជិក​ក្នុង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ? ហើយ​ពួក​គាត់​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ ?
បច្ចុប្បន្ន​នេះ មាន​ស្ត្រី​ជា​សហគ្រិន​ចំនួន​ជាង​២០០​នាក់​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ។ ក្នុង​អាណិត​ថ្មី​របស់ខ្ញុំ​នេះ ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ យើង​មាន​គម្រោង​ធ្វើ​កាត​សមាជិក និង​ផ្លា​ក​សញ្ញា​សមាជិក​ដាក់​នៅ​តាម​កន្លែង​អាជីវកម្ម​របស់​ពួក​គាត់ ។ ដូច្នេះ​អ្នក​ដែល​ជា​សមាជិក​ដូច​គ្នា នៅ​ពេល​ដែល​គាត់​ឃើញ​ផ្លា​ក​សញ្ញា​សមាគម​នៅ​ក្នុង​ហាង គាត់​នឹកឃើញ​ថា ម្ចាស់​អាជីវកម្ម​នេះ​ហាក់ដូចជា​មិត្តភក្តិ ឬ​បងប្អូន​ដែល​អាច​បង្កើត​ភាព​ស្និទ្ធស្នាល​កាន់តែ​ខ្លាំង​ឡើង ហើយ​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​គាត់​មានការ​រីក​ចម្រើន​ផង​ដែរ ។ ជាង​នេះ​ទៀត រាល់​សហគ្រិន​ជា​ស្ត្រី​ដែល​ចូល​ជា​សមាជិក​ទាំងអស់​អាច​ទទួល​បាន​អត្ថប្រយោជន៍ ដូច​ជាទទួល​​​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​នូវ​អត្រា​ការ​ប្រាក់​មួយ​ដ៏​ទាប និង​ជួយ​សម្រួល​សំណុំ​ឯកសារ និង​បែបបទ​មានការ​ងាយស្រួល​ជាង​ធនាគារ​ផ្សេង​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ ប្រសិនបើ​សមាជិក​មានការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​ខ្នាត​តូច​ទៅ​ខ្នាត​មធ្យម ឬ​ពី​ខ្នាត​មធ្យម​ទៅ​ខ្នាត​ធំ យើង​ក៏​មាន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ម្ចាស់​អាជីវកម្ម​ទៅ​តាម​ផ្នែក​របស់​គាត់ ។ ករណី​ដែល​គាត់​ជួប​បញ្ហា​ជាមួយ​រដ្ឋាភិបាល ក្នុង​នាម​យើង​ជា​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា យើង​នឹង​ពាំនាំ​បញ្ហា​នេះ​ឡើង​ទៅ​ក្នុង​កិច្ចប្រជុំ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួក​គាត់ ។ សមាជិក​ទាំងអស់​អាច​ចូលរួម​ក្នុង​ការ​តាំងពិព័រណ៍​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ជំរុញ​ផលិតផល​របស់​ខ្មែរ​ទៅ​ដល់ទី​ផ្សារ​អន្តរជាតិ ។ លើស​ពី​នេះ​ទៀត យើង​ក៏​បាន​ទាក់ទង​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​កិច្ចការ​នារី ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្សេង​ៗ​ដែល​អាច​អនុញ្ញាត​ឱ្យ​សមាជិកសមាគម​អាច​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​បាន​ទៀត​ផង ។

តើ​សហគ្រិន​ស្ត្រី​ដើរតួ​នាទី​ដូច​ម្តេច​ខ្លះ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ?
ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យើង​សង្កេត​ឃើញ​ថា ស្ត្រី​មានការ​ចូលរួម​ក្នុង​សង្គម ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​មាន​ចំនួន​កាន់តែ​កើនឡើង ។ នៅ​ពេល​ដែល​ស្ត្រី​បាន​ចូលរួម​កាន់តែ​ច្រើន ពួក​គាត់​អាច​អភិវឌ្ឍ​ខ្លួនឯង ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​អាច​ជួយ​បង្កើន​នូវ​ប្រាក់​ចំណូល​ដល់​គ្រួសារ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ផង​ដែរ ៕