រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងជំពូកទី១៥ ការចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងក្នុងទឹកប្រាក់ប្រមាណជា១៧.៤៦២.៤៧៧លានរៀល គិតជាដុល្លារ៤.៣៦៥,៦១លានដុល្លារ ដែលមានកំណើន១៦,១% ធៀបនឹងច្បាប់ឆ្នាំ២០១៥ ។
នៅក្នុងចំណុចទី៤ នៃជំពូកទី១៥នេះដែរ វិស័យសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់១.១៥៤.៥៥៧លានរៀល ឬស្មើនឹង២៨៨,៦៣លានដុល្លារអាមេរិក មានសមាមាត្រស្មើនឹង១០,៣៥% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន១៦,១% ធៀបនឹងច្បាប់២០១៥ ហើយត្រូវជា១,៤១% នៃផលិតផលក្នុងស្រុកសរុប ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគ្រោងថវិកាចំនួន១៨៨.០២៨លានរៀល ស្មើនឹង៤៧លានដុល្លារអាមេរិក មានសមាមាត្រស្មើនឹង១,៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន២៥,១% ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា០,២៣% នៃផលិតផលក្នុងស្រុកសរុប ។
ក្រសួងធនធានទឹក និងឧតុនិយម បានគ្រោងចំណាយថវិកាចំនួន៩៣.៤១៧លានរៀល ស្មើនឹង២៣,៣៥លានដុល្លារ មានសមាមាត្រស្មើនឹង០,៨% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន២៥,៤% ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា០,១១% នៃផលិតផលក្នុងស្រុកសរុប ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏គ្រោងចំណាយថវិកាចំនួន៣៦៦.២៨០លានរៀល ស្មើនឹង៩១,៥៧លានដុល្លារ មានសមាមាត្រស្មើនឹង៣,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន១៣,២% ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា០,៤៥% នៃផលិតផលក្នុងស្រុកសរុប ។
ចំណែកក្រសួងអភិវឌ្ឍន៍ជនបទ ក៏គ្រោងចំណាយថវិកាចំនួន១៤៦.១២៥លានរៀល ស្មើនឹង៣៦,៥៣លានដុល្លារ មានសមាមាត្រស្មើនឹង១,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន១៣,៩% ធៀបនឹងច្បាប់ឆ្នាំ២០១៥ ត្រូវជា០,១៨% នៃផលិតផលក្នុងស្រុកសរុប ។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា ៖ «ការកើនឡើងនេះ ជាតួលេខវិជ្ជមានមួយបន្ទាប់ពីបានកែសម្រួលអតិផរណា ។ កំណើននេះនឹងនាំមកនូវការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។ ប៉ុន្តែក៏បានផ្ដល់នូវវិសាលភាពដែលចាំបាច់សម្រាប់ពលរដ្ឋកម្ពុជា និងអាចទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជាផងដែរ ទោះជាយ៉ាងណា ចំនួននេះស្ថិតនៅក្នុងកម្រិតទាបនៅឡើយ» ។
លោកបន្តថា ៖ «ខ្ញុំគិតថា រាជរដ្ឋាភិបាលគួរតែមានយុទ្ធសាស្ត្រណដើម្បីជួយកាត់បន្ថយតម្លៃថាមពល និងប្រេងឥន្ធនៈ ជួយបន្តការធ្វើឱ្យប្រសើរនូវបរិយាកាសពាណិជ្ជកម្ម ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានភាពប្រកួតប្រជែងខ្ពស់ បន្តការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឧស្សាហកម្ម និងការងារ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ បង្កើនសមត្ថភាពកម្មករមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មបែបជឿនលឿន និងបញ្ចូលនូវវិធីសាស្ត្រ ថ្មីៗ បន្តការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបន្តកៀងគរការវិនិយោគផ្នែកឯកជន រួមបញ្ចូលទាំងការវិនិយោគក្នុងស្រុក និងបរទេស» ។
លោកបន្ថែមថា ៖ «ការពង្រឹងវិស័យផ្សេងៗដែលមាននៅក្នុងវិស័យសេដ្ឋកិច្ច ដូចជា វិស័យកសិកម្ម កាត់ដេរ ទេសចរណ៍ សេវាកម្ម និងសំណង់ជាដើម គឺជាការចាំបាច់បំផុតដើម្បីជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានកំណើនឡើង» ៕
ចែករំលែកព័តមាននេះ