រាជធានីភ្នំពេញ ៖ ខឹងអ្នកយកព័ត៌មានថតរូបភាពផឹកស៊ីស្រវឹងវាយតប់គ្នាបែកក្បាល បែរជាបើករថយន្តដេញបុកអ្នកយកព័ត៌មានហើយចាប់ថតរូបភាពទុក និងដកកាំភ្លើងខ្លី២ដើម អាមេភ្ជង់គំរាមអ្នកយកព័ត៌មានទៀត ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២២ តុលា ស្ថិតនៅមុខផ្ទះសំណាក់គីមចោមចៅលើផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាសម្នាក់ ដែលជាជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ អ្នកយកព័ត៌មានទូរទស្សន៍ MSJ ម្នាក់ បានជិះម៉ូតូម៉ាក PCX ពណ៌.ស មកដល់ចំណុចមុខផ្ទះសំណាក់គីម ចោមចៅ ស្រាប់តែប្រទះឃើញមនុស្ស២នាក់ព្រួតវាយបុរសជាមេការផ្ទះសំណាក់គីម ចោមចៅ បែកក្បាលហូរឈាមស្រោចពេញខ្លួន ។
ឃើញបែបនេះ គេក៏បានឈប់ជួយឃាត់ កុំឱ្យវាយគ្នា ពេលនោះជនបង្ក២នាក់ ក៏ចេញទៅបាត់ នៅសល់តែមេការផ្ទះសំណាក់ ដែលរងរបួសឈរនៅក្បែរតុផឹកស៊ីនៅមុខផ្ទះសំណាក់នោះ ។ បែរជាចោទអ្នកយកព័ត៌មានទូរទស្សន៍ MSJ ថា ជាបក្សពួករបស់ជនបង្ក ទោះបីជាអ្នកយកព័ត៌មានប្រាប់ថា គេជាអ្នកយកព័ត៌មានក៏ដោយ ។ មិនតែប៉ុណ្ណោះ មេការផ្ទះសំណាក់បានដកយកកូនសោម៉ូតូ និងអូសម៉ូតូរបស់អ្នកយកព័ត៌មានទូរទស្សន៍ MSJ ទៅទុកក្នុងផ្ទះសំណាក់ខាងលើ ។
បន្ទាប់មក អ្នកយកព័ត៌មានក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចថា មានករណីវាយគ្នា ហើយយកម៉ូតូរបស់គាត់ទៅទុក ទើបអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាសឮប្រកាសតាមវិទ្យុទាក់ទង ក៏បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងទៅយកព័ត៌មាន និងថតរូបភាព ក៏ត្រូវមេការផ្ទះសំណាក់ដែលរងរបួសនោះ ជេរប្រមាថមើលងាយអ្នកយកព័ត៌មានថា ជាអ្នកយកព័ត៌មានបិទដបទឹកស៊ីអ៊ីវ ហើយបើហ៊ានថតព័ត៌មានយកទៅផ្សាយ ស្អែកនេះដឹងគ្នាហើយ ។
ស្របពេលនោះ អ្នកយកព័ត៌មានឮថា មានរថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយនៅមុខនគរបាលប៉ុស្តិ៍ចោមចៅ ក៏នាំគ្នាទៅយកព័ត៌មានរថយន្តធ្លាក់ចូលប្រឡាយទឹករហូតចប់សព្វគ្រប់ហើយ ទើបអ្នកយកព័ត៌មានទាំង២នាក់នឹកឃើញថា ព័ត៌មានវាយគ្នាខាងលើមិនទាន់បានយកព័ត៌មានអស់នៅឡើយ ព្រោះអីមិនដឹងថា ផឹកស៊ីគ្នាប៉ុន្មាននាក់ ហើយមានរឿងអី ទើបឈ្លោះគ្នាបែបនេះ ទើបអ្នកយកព័ត៌មានទាំង៣នាក់ បានជិះម៉ូតូ PCX ឌុបគ្នាទៅកន្លែងកើតហេតុខាងលើម្តងទៀត ដើម្បីសាកសួរព័ត៌មានបន្ថែមទៀត ។
ខណៈទៅជាលើកទី២នេះ មេការផ្ទះសំណាក់ដែលរងរបួស បានទៅព្យាបាលរបួសនៅមន្ទីរពេទ្យបាត់ហើយ ពេលនោះអ្នកយកព័ត៌មានបានឈប់សួរពីបុគ្គលិកនៅមុខផ្ទះសំណាក់ តែបុគ្គលិកនោះ មិនទាន់ទាំងនិយាយផង ស្រាប់តែមានរថយន្តម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-7183 ជិះគ្នា៤នាក់ មកដល់ឃើញអ្នកយកព័ត៌មានកំពុងតែសួរនាំបុគ្គលិកផ្ទះសំណាក់ ក៏បានចាប់អូសបុគ្គលិកនោះចូលទៅក្នុងផ្ទះសំណាក់ ។
ចំណែកអ្នកយកព័ត៌មានថតរូបភាពផ្ទះសំណាក់ និងតុផឹកស៊ីនៅក្បែរនោះ ក៏ត្រូវបុរសទាំង៤នាក់សួរថា ឯងអ្នកយកព័ត៌មានខាងណាមកណេះ ឲ្យគេថតរូបបន្តិច ពេលនោះអ្នកយកព័ត៌មានមិនបានទៅទេឃើញសភាពការណ៍មិនស្រួលក៏នាំគ្នាបម្រុងជិះម៉ូតូចេញ ប៉ុន្តែម្ចាស់ម៉ូតូបានជិះម៉ូតូចេញទៅបានបន្តិចទាំងអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាសមិនទាន់បានឡើងជិះលើម៉ូតូផង ស្រាប់តែអ្នកជិះក្នុងរថយន្តម្នាក់រត់ដេញតាមចាប់អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាសបានហើយក្របួចកអាវអូសជិត១០ម៉ែត្រ ឡើងជាំក្រហមកយកទៅថតរូបទុក ។
ចំណែកអ្នកជិះក្នុងរថយន្ត៣នាក់ទៀតបានបើករថយន្តដេញបុកអ្នកបើកម៉ូតូអ្នករត់នោះជិតដល់ហើយ បានឈប់រថយន្តនាំគ្នាចុះពីលើរថយន្តដកកាំភ្លើងខ្លី២ដើម អាមេគំរាមបាញ់សម្លាប់អ្នកយកព័ត៌មានទាំង២នាក់ រួចហើយបានដកហូតយកវិទ្យុទាក់ទងរបស់អ្នកសារព័ត៌មានដែលសៀតនៅចង្កេះយកទៅទុកបានបន្តិចទើបប្រគល់ឲ្យវិញហើយឡើងរថយន្តបើកចេញទៅបាត់អស់ ។






ចែករំលែកព័តមាននេះ