ខេត្តបន្ទាយមានជ័យ ៖ រថយន្តសាមុយដឹកអ្នករងគ្រោះថ្នាក់ចរាចរឡើងវ៉ារថយន្តពីមុខជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿងទៀតបណ្តាលឱ្យរបួសធ្ងន់បន្ថែមទៀត២នាក់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ តុលា ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ជនរងគ្រោះ២នាក់របួសធ្ងន់ឈ្មោះ ដឿន ប៊ិក ភេទស្រី អាយុ៥៣ឆ្នាំ(ជាម្តាយ) និងឈ្មោះ យ៉ា ដាំ ភេទប្រុស អាយុ៣៣ឆ្នាំ(ជាកូនប្រុស) រស់នៅភូមិអន្លង់សារ ឃុំភ្នំលាប ស្រុកព្រះពន្លា។
ប្តីជនរងគ្រោះបានប្រាប់ថា ប្រពន្ធរបស់គាត់បានរងរបួសដោយសាររថយន្តបុកគោយន្តបណ្តាលឱ្យបាក់ឆ្អឹងជំនីរមានសភាពធ្ងន់ធ្ងរ កាលពីថ្ងៃទី២១ តុលា ២០១៥ នៅតាមផ្លូវស្ថិតនៅស្រុកព្រះនេត្រព្រះ ហើយបានបញ្ជូនមកមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេកទើបគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យEMERGENCY ខេត្តបាត់ដំបង តែមិនទាន់ដល់ពេទ្យផងបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាមុយទៅបុករថយន្តបាឡែនដែលពាក់ស្លាក់លេខភ្នំពេញ2Q.8939បណ្តាលឱ្យដាច់កង់មុខធ្លាក់ចូលប្រឡាយខាងកើតផ្លូវ ចំណែករថយន្តបាឡែនដាច់កង់មុខខាងឆ្វេងត្រឡប់ក្បាលទៅក្រោយវិញ ដោយឡែកអ្នកជំងឺ និងកូនដែលជិះក្នុងរថយន្តសាមុយបានរងរបួសធ្ងន់ទាំង២នាក់។
គួរបញ្ជាក់ថា នៅពេលដែលរថយន្តសាមុយ១គ្រឿងមកសាងពេលបើកចេញមកតាមផ្លូវត្រូវរថយន្តធំកៀរដាច់កញ្ចក់ខាងឆ្វេងម្ខាង ហើយពេលប៉ូលិសធ្វើចរាចរកន្លែងគ្រោះថ្នាក់មានរថយន្តធុនធំ១គ្រឿងដែលពាក់ស្លាក់ភ្នំពេញ2C.3053 បានបើកលឿនរកបុកប៉ូលិសទៀតត្រូវបានប៉ូលិសដេញចាប់បាន២នាក់ រួចបញ្ជូនទៅអធិការស្រុកមង្គលបូរីដើម្បីចាត់ការតាមច្បាប់៕







ចែករំលែកព័តមាននេះ