ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វង្ស ណយ លាចាក​សិក្ខាបទ​ព្រឹក​នេះ តើបន្ត​អាជីព​ជា​អ្នក​ប្រដាល់​ទៀត​ឬអត់?

10 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ កីឡាករ​ប្រដាល់សេរី​ម្នាក់ឈ្មោះ លឹ​ម ប៉ោ​ហាន ហៅ​វង្ស ណ​យ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ធ្លាប់​មានឈ្មោះ​បោះ​សម្លេង​ធ្វើ​ឱ្យ​មហាជន​ចាំ​មិន​ភ្លេចរហូត​មក​ដល់​ពេល​នេះបាន​​កោសក់​បួស​រយៈពេល​១​អាទិត្យហើយនៅ​ក្នុង​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដើម្បី​សងគុណ​ឪពុក​ម្តាយ និង​មាន​ហេតុផល​ផ្សេង​ៗមួយ​ចំនួន​ទៀត​ផង​ដែរ ហើយនៅ​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា ​​២០១៥​នេះ រូបគេ​នឹង​លាចាក​សិក្ខាបទ (​សឹក​ពី​បួស​) វិញ ហើយ​មិន​ទាន់​ដឹង​ថា ​នៅបន្ត​អាជីព​ជា​អ្នក​ប្រដាល់​ទៀត​ឬ​យ៉ាងណា​នោះ​ទេ ?

ប្រភព​ព័ត៌មាន​ពី​ព្រះសង្ឃ ឈ្មោះ វង្ស ណ​យ ជា​កីឡាករ​ប្រដាល់សេរី ដែល​ទើប​បួស​បាន​រយៈពេល​១​អាទិត្យ​ហើយនឹង​សឹក​ទៅ​វិញ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​មាន​ឪពុក ឈ្មោះ លឹ​ម គ្រី អាយុ​៦០​ឆ្នាំ ជា​កសិករ ម្តាយ​ឈ្មោះ សាន ស៊ី​ថន អាយុ​៥៩​ឆ្នាំ តែ​ពួក​គាត់​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​បងប្អូន​ចំនួន​៧​នាក់ ស្រី​២​នាក់ ប្រុស​៥​នាក់ កូន​ខ្លះ​នៅ​រស់នៅ​ភូមិ​ខាងលើ ខ្លះ​ទៀត​តាម​ឪពុក​ទៅ​រស់នៅ​ចំណុច​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​បន្ត​ទៀត​ថា កាលពី​មិន​ទាន់​បួស​ជា​ព្រះសង្ឃ រូបគេ​បាន​ចូល​ហាត់​ប្រដាល់ក្បាច់​គុណ​បុរាណ​ខ្មែរជាមួយ​លោកគ្រូ​ម្នាក់ ឈ្មោះ ឆេ​ង ទូច អាយុ​ប្រហែល​៤៦​ឆ្នាំ នៅ​ក្នុង​ក្លឹ​ប​សុវណ្ណ​គី​រី ក្នុងភូមិ-ឃុំ​ខាងលើ តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ហើយ​ក៏​បាន​ចូល​ប្រដាល់​តាម​ភូមិ​-ឃុំ​នានា​ក្នុង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ផ្សេង​ៗទៀត​ជា​ច្រើនរហូត​ដល់​ល្បីក៏​ឡើង​លើ​សង្វៀន​ទូរទស្សន៍​ជា​ច្រើន​ដូច​ជា CTN, TV5, TV3, និង SEATV​ផង​ដែរ ។

ក្នុង​ការ​ប្រដាល់​ម្តង​ៗ​តែងតែមាន​ចាញ់​នឹង​ឈ្នះ​ជា​រឿង​ធម្មតា ហើយ​ក៏​រូបគេ​មានការ​សប្បាយ និង​ពេញចិត្ត​ចំពោះ​មុខ​អាជីព​មួយ​នេះ ព្រោះ​ធ្វើ​ឱ្យ​ខ្លួន​អាច​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន នាំ​មក​នូវ​សុខភាព​ល្អ និង​ចេះ​ទប់​កំហឹង​របស់​ខ្លួន ។

ប្រភព​បញ្ជាក់​ទៀត​ថា ក្នុង​ការ​បួស​រយៈពេល​១​អាទិត្យ​គិត​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​១៦ ​តុលា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៣ ​នេះ ក្នុង​គោលបំណង​ ​១-ចង់​សងគុណ​ឪពុក​ម្តាយ​ដែល​បាន​បង្កើត​រូប​គេ​មក ព្រោះ​បងប្អូន​ទាំងអស់​គ្មាន​នរណា​ម្នាក់​បាន​បួស​រៀន​ឡើយ ​២-ចង់ឱ្យ​ជាប់សាច់​ញាតិ​ជាមួយ​ព្រះពុទ្ធ​សាសនា និង​ស្វែង​យល់​វិធីសាស្ត្រ​ខ្លះ​ៗ ក្នុង​ការ​ធ្វើ​ឱ្យ​ចិត្តស្ងប់​សុខ ​៣-លាបំណន់ដែល​ខ្លួន​ធ្លាប់​ស្បថសច្ចាចំពោះ​រឿង​ផ្សេង​ៗ​មួយ​ចំនួន ៤-ចង់​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា បន្ទាប់​ពី​ខ្លួន​បាន​ស្រឡាញ់​វិស័យ​កីឡា ៥-ចង់​យល់​ដឹង​ពី​ការ​បួស​ជាសង្ឃ​មានការ​លំបាក ត្រូវ​អត់ធ្មត់​ទ្រាំទ្រ​ដើរ​បិណ្ឌ​បាត្រ​យ៉ាងណា?

នៅ​ម៉ោង១០ព្រឹក​នេះ​ អ្នក​យក​ព័ត៌​មាន​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពីអន្ទិត​វង្ស ណយ​ ទាក់​ទង​នឹង​រឿង​ថា​តើ​លោក​នៅបន្ត​អាជីព​ជា​អ្នក​ប្រដាល់​ទៀត​ឬយ៉ាង​ណា?