រាជធានីភ្នំពេញ ៖ នារីម្នាក់ដាច់សាច់មុខមួយចំហៀង និងបុរស២នាក់ទៀតបាក់ឆ្អឹងត្រឹម.កជើង និងបាក់ឆ្អឹងស្មាលៀនចេញក្រៅ បន្ទាប់ពីពួកគេជិះម៉ូតូឌ្រីមសេ១២៥ ព្យាយាមវ៉ារថយន្តក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងយ៉ាងពេញទំហឹងដួលអូសជាង២០ម៉ែត្រ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា១២ និង១០នាទីឈានចូលថ្ងៃទី២៣ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះហុង អីម៉ី ភេទស្រី អាយុ១៨ឆាំ្ន ធ្វើការនៅរោងចក្រ មានទីលំសង្កាត់កំបូល២-ឈ្មោះឈិត អាយុ២៣ឆាំ្ន ធ្វើការរោងចក្រ មានទីលំនៅសង្កាត់កំបូល និង៣-ឈ្មោះជី វ័ន្ត អាយុ៣០ឆាំ្ន ជាជាងម៉ាស៊ីនក្នុងរោងចក្រ មានទីលំនៅក្នុងសង្កាត់កំបូល ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុស-ស្រីទាំង៣នាក់ ជិះម៉ូតូឌ្រីមសេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-1944 ជិះក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ចំណែករថយន្តកុងតឺន័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 3C-7018 បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដោយម៉ូតូឌ្រីមសេ១២៥បានព្យាយាមវ៉ារថយន្តមួយគ្រឿងដែលនៅខាងមុខ ហើយក៏ជ្រុលចូលទៅផ្លូវរថយន្តកុងតឺន័រ បុកបញ្ឆិតចំក្បាលរថយន្តកុងតឺន័រផ្នែកខាងឆ្វេង បណ្តាលឱ្យម៉ូតូនិងមនុស្សអូសថ្នល់ផ្លោងជាង២០ម៉ែត្រ រងរបួសធ្ងន់ទាំងបីនាក់ ។





ចែករំលែកព័តមាននេះ