ខេត្តកំពង់ធំ ៖ កាណូតដឹកឈើអត់ច្បាប់១គ្រឿង ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោងបង្ក្រាប ហើយស្រង់ឈើដាក់លើរថយន្តដឹកយកទៅកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង កាលពីរសៀលថ្ងៃទី២២ តុលា ២០១៥ ស្ថិតក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ។
ក្នុងប្រតិបត្តិការខាងលើនេះមានការចូលរួមពីលោក ឯម មុនី នាយរងផ្នែកអធិការដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាប លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង និងកម្លាំងសឹករងកំពង់ធំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាណូតដឹកឈើខាងលើនេះ ដឹកចេញពីទឹកដីស្រុកសណ្តាន់ ជារបស់ឈ្មួញរកស៊ីឈើដ៏សកម្មម្នាក់ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ នៅពេលដែលធ្វើសកម្មភាពដឹកឈើចេញនោះ ពួកគេបានបង់លុយឲ្យសមត្ថកិច្ចជំនាញនៅក្នុងស្រុកសណ្តាន់ និងសមត្ថកិច្ចតាមដងស្ទឹងអស់មួយចំនួន លុះមកដល់ទឹកដីស្រុកកំពង់ស្វាយ ត្រូវបែកការណ៏ ហើយក៏ត្រូវចំណាយលុយអស់មួយចំនួនទៅលើអ្នកសារព័ត៌មានស្មានថារួចខ្លួន ចុងក្រោយត្រូវជាប់អន្ទាក់សមត្ថកិច្ចកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ហើយឈ្មួញម្នាក់នេះក៏បានរត់គេចខ្លួនបាត់ ។
ចំណែកកាណូតដឹកឈើ ត្រូវបានសមត្ថកិច្ចនាំយកមកគល់ស្ពានកំពង់ធំ កាលពីរសៀលថ្ងៃទី២២ តុលា ២០១៥ ដើម្បីស្រង់ឈើបានតែ៥០%ប៉ុណ្ណោះយប់ទៅ នៅសល់៥០%ទៀត រង់ចាំព្រឹកថ្ងៃទី២៣ តុលា នេះ នឹងធ្វើការស្រង់បន្តទៀត បើតាមការប៉ាន់ស្មានពីសមត្ថកិច្ចជំនាញ ចំនួនឈើដែលគេចងគ្រីបក្នុងទឹកមានចំនួនប្រហែលជា២០ម៉ែត្រគូប ជាឈើប្រភេទលេខ២ ជាឈើទាល ជាឃ្នៀប ជាក្តារបន្ទះ និងឈើកកោះ ប្រភេទម៉ៃតាប់មួយចំនួនទៀត ហើយសមត្ថកិច្ចជំនាញរង់ចាំម្ចាស់ចូលមកដោះស្រាយ និងធ្វើការផាកពិន័យទៅតាមច្បាប់ ៕




ចែករំលែកព័តមាននេះ