រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX300 ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបានបង្អង់ល្បឿនបត់ត្រឡប់ក្រោយបួងចង្កូតមិនអស់ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ តុលា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសRX300 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-1417 ដែលបើកដោយបុរសម្នាក់ជាជនជាតិចិនក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ក៏បានបង្អង់ល្បឿន រួចបត់ត្រឡប់ក្រោយវិញដោយបួងចង្កូតមិនអស់ជាន់ហ្គែបន្ថែមជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅចេញមកជួយអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចពិនិត្យមើលហេតុការណ៍ដោយមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចក៏សម្រេចឱ្យជនជាតិចិនរូបនេះទូរស័ព្ទហៅរថយន្តស្ទួចមកស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕


ចែករំលែកព័តមាននេះ