ខេត្តកំពង់ធំ ៖ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ថា សណ្តាប់ធ្នាប់ក្នុងក្រុងស្ទឹងសែនកំពុងតែធ្លាក់ចុះ អាជ្ញាធរខេត្តកំពង់ធំបានដាក់បញ្ជាឲ្យសាលាក្រុងស្ទឹងសែនដឹកនាំកម្លាំងចុះរៀបចំកែលម្អសណ្តាប់ធ្នាប់នៅក្នុងផ្សារ និងជុំវិញផ្សារកំពង់ធំ កាលពីថ្ងៃទី២២ តុលា ២០១៥ ។
លោក អ៊ា គឹមឡូន អភិបាលរងក្រុងស្ទឹងសែន បានប្រាប់ឲ្យដឹងថា ដោយទទួលបទបញ្ជាពីលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឲ្យចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារ និងជុំវិញផ្សារកំពង់ធំ លោកបានដឹកនាំកម្លាំងចម្រុះដោយមានការចូលរួមពីលោកចៅសង្កាត់កំពង់ធំ កម្លាំងនគរបាលខេត្ត នគរបាលក្រុង និងកម្លាំងសន្តិសុខផ្សារផងដែរ ចុះរៀបចំនៅចំណុចផ្នែកខាងក្រោយផ្សារ ដែលកំពុងតែបង្កភាពអនាធិបតេយ្យធ្វើឲ្យបាត់បងសណ្តាប់ធ្នាប់ ក៏ដូចជាសោភ័ណភាពក្នុងក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី២២ តុលា ២០១៥នេះតទៅ ដោយមិនអនុញ្ញាតឲ្យដាក់តាំងទំនិញហៀរហូរមកលើផ្លូវសាធារណៈនោះទេ ។ លោកអភិបាលរងក្រុងបញ្ជាក់ថា ក្នុងគោលការណ៍រៀបចំសណ្តាប់ធ្នាប់នេះ មិនមែនរៀបចំតែខាងក្រោយផ្សារនោះទេ គឺយើងរៀបចំជាជំហានៗ គឺជំហានទី១ រៀបចំតែខាងក្រោយផ្សារសិនដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ជំហ៊ានទី២ រៀបចំអ្នកលក់ដូរនៅតាមផ្ទះថ្ម និងអាជីវករដែលលក់ដូរនៅផ្នែកខាងក្នុងផ្សារ ។
ជុំវិញការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរក៏មានមតិប្រជាពលរដ្ឋ និងអាជីករជាច្រើននាំគ្នានិយាយរិះគន់ថា កន្លងមកឃើញតែរៀបចំសណ្តាប់ធ្នាប់តែខាងក្រោយផ្សារ ចំណែកអ្នកលក់ដូរនៅតាមផ្ទះថ្ម ពួកគេដាក់តាំងទំនិញហៀរហូរមកដល់ចិញ្ចើមថ្នល់ មិនតែប៉ុណ្ណោះថែមទាំងនាំគ្នាធ្វើទ្វារដែកបិទជិតមកដល់ចិញ្ចើមថ្នល់ទៀតផង ហេតុអ្វីក៏អាជ្ញាធរក្រុងស្ទឹងសែន និងអាជ្ញាធរខេត្តកំពង់ធំមើលមិនឃើញ ។ ចំពោះពួកគាត់នៅខាងក្រោយផ្សារហាមដាច់ខាតមិនឲ្យដាក់ទំនិញមកលើទ្រូងផ្លូវសូម្បីតែកន្លះម៉ែត្រក៏មិនបានដែរ ចុះចំណែកនៅមុខសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់អរុណរះ កំពុងតែយកដីចំណីផ្លូវ និងផ្លូវសារធារណៈធ្វើអាជីវកម្មសម្រាប់ចតរថយន្តតូច-ធំទាំងយប់ទាំងថ្ងៃ ហេតុអ្វីបានជាអាជ្ញាធរក្រុង និងខេត្តមើលមិនឃើញពីបញ្ហានេះផង ធ្វើរបៀបនេះហាក់ដូចជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ ព្រោះពួកគាត់ក៏បានបង់ពន្ធ និងភាស៊ីជូនរដ្ឋដូចគ្នាដែរតើ ? ឬក៏ធ្វើបានតែចំពោះអ្នកក្រទេ?





ចែករំលែកព័តមាននេះ