រាជធានីភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន២៤នាក់ និងម៉ាទឹកកក៣២កញ្ចប់ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថរាជធានី កសាងសំណុំរឿងបញ្ជូនទៅនៅសាលាដំបូងនៅថ្ងៃនេះ បន្ទាប់ពីសហការបង្ក្រាបជាមួយកម្លាំងអាវុធហត្ថ៣ខណ្ឌកាលពីពេលកន្លងមក ។
លោកវរសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថរាជធានី បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២២ តុលា ២០១៥នេះថា ជនសង្ស័យសរុបទាំងអស់២៤នាក់ ដែលត្រូវបានអាវុធហត្ថការិយាល័យជំនាញ រួមសហការជាមួយខណ្ឌពោធិ៍សែនជ័យ, ខណ្ឌជ្រោយចង្វារ និងដូនពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅតាមខណ្ឌទាំង៣ខាងលើ ។ លោកបន្តថា ពាក់ព័ន្ធទៅនឹងការបង្ក្រាបករណីជួញដូរគ្រឿងញៀននោះ កម្លាំងអាវុធហត្ថរាជធានីដកហូតបានថ្នាំញៀនម៉ាទឹកកក៣២កញ្ចប់តូច ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។ ក្នុងនោះឃាត់ខ្លួននៅខណ្ឌពោធិ៍សែនជ័យ១៩នាក់ និងថ្នាំញៀនម៉ាទឹកកក២៨កញ្ចប់, នៅខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ចាប់ខ្លួនបាន៥នាក់ និងថ្នាំញៀន៤កញ្ចប់ទៀត ។
លោកនាយការិយាល័យឱ្យដឹងទៀតថា ជនសង្ស័យ១៩នាក់ដែលឃាត់ខ្លួនក្នុងផ្ទះសំណាក់វិមានអង្គរជ័យ នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនោះ តាមពិតជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនតែ១២នាក់ប៉ុណ្ណោះ ដូច្នេះអ្នកមិនពាក់ព័ន្ធត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕



ចែករំលែកព័តមាននេះ