ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រើអំពើហិង្សាដោយចេតនា ដោយសារវាយបងថ្លៃមួយខ្នងពូថៅសន្លប់ ខណៈពេលកំពុងផឹកស៊ីមានទំនាស់ពាក្យសម្តីជាមួយគ្នា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ តុលា ២០១៥ កន្លងទៅនេះ នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ។ ហើយជនសង្ស័យបានឃាត់ខ្លួនក្រោយពេលកើតហេតុនោះផងដែរ ប៉ុន្តែទើបតែបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តនារសៀលថ្ងៃទី២២ តុលា នេះទេ ។
លោកវរសេនីយ៍ត្រី វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា បុរសដល់ដៃឈ្មោះ សល់ សុភក្កិ អាយុ២៨ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់បុរសរងគ្រោះឈ្មោះ ស៊ូ វុទ្ធី ហៅតៃ អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។
បុរសដៃដល់ត្រូវបានប៉ូលិសឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីឈ្មោះ អឿន ចន្ថា ត្រូវជាប្រពន្ធរបស់បុរសរងគ្រោះ ដែលបានរៀបរាប់ថា កាលពីរសៀលថ្ងៃទី១៩ តុលា នោះ ប្ដីរបស់គាត់ឈ្មោះ ស៊ូ វុទ្ធី បានដើរទៅច្រូតស្មៅឲ្យក្របីស៊ីនៅឯវាលស្រែ ពេលដើរកាត់តាមមុខផ្ទះរបស់ឈ្មោះ ចែម លីចេង ឃើញឈ្មោះ សល់ សុភក្កិជាជនសង្ស័យកំពុងផឹកស្រាពីរនាក់ម្ចាស់ផ្ទះ ពេលនោះឈ្មោះ សល់ សុភក្កិ បានហៅប្ដីគាត់ឲ្យចូលផឹកជាមួយដែរ បាន៣នាក់ ។ ពេលកំពុងផឹកស៊ីឈ្មោះ សល់ សុភក្កិ បាននិយាយអួតរឿងធ្វើអាវុធកែច្នៃបាញ់គ្រាប់កង់ ព្រមទាំងបានទៅយកពីផ្ទះមកបង្ហាញទៀតផង ។
ក្រោយមកនិយាយប៉ះសម្តីគ្នារឿងចែកក្របីឲ្យប្អូនជីដូនមួយដែលត្រូវជាប្អូនថ្លៃរបស់បុរសរងគ្រោះ ។ ខណៈនោះ ឈ្មោះ សល់ សុភក្កិ មានការខឹងសម្បារយ៉ាងខ្លាំងហើយបានបោកកែវ បោកចាន និងប៊ីដុងស្រាបែកខ្ទេច រួចចុះទៅយកពូថៅក្រោមគ្រែមកវាយឈ្មោះ ស៊ូ វុទ្ធី មួយខ្នងពូថៅចំស្លឹកត្រចៀកខាងស្ដាំបណ្ដាលឲ្យប្រកាច់ធ្លាក់ដី ប្រុងទៅវាយថែមទៀត តែបានឈ្មោះ ង៉ុយ អិត កូនប្រសារបស់ម្ចាស់ផ្ទះហក់ទៅជួយទាន់ រួចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកភ្នំក្រវាញ ។ លោកអធិការបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាម សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនដៃដល់ក្នុងថ្ងៃនោះ រួមជាមួយវត្ថុតាង ពូថៅ និងអាវុធកែច្នៃផងដែរ ។
លោកវរសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីសួរនាំជនដៃដល់រួច សមត្ថកិច្ចបានកសាងសំណុំរឿង ព្រមទាំងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ