ខេត្តក្រចេះ ៖ ឧបករណ៍នេសាទ ដូចជា ស្បៃមុង និងលបសាច់អួនមានចំនួនច្រើនពាន់ម៉ែត្រត្រូវបានសមត្ថកិច្ចសម្រុះចុះបង្ក្រាបនៅថ្ងៃទី២២ តុលា ដែលក្រុមជនល្មើសបានលួចធ្វើសកម្មភាពនេសាទដោយខុសច្បាប់នៅតាមបឹងធំៗមួយចំនួននៅខាងក្រោយឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ការចុះបង្ក្រាបនេះអនុវត្តន៍តាមអនុសាសន៍របស់លោក សរ ចំរុង អភិបាលខេត្ត និងលោក ចាប សៀកហេង នាយអធិការរដ្ឋបាលជលផលមេគង្គ ព្រមទាំងមានការចង្អុលបង្ហាញពីលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ទោះបីជាពេលនេះជារដូវបើកនេសាទហើយយ៉ាងណាក្តី ក៏បានចុះបង្ក្រាបរយៈពេលពេញមួយថ្ងៃ ។
ក្រុមមន្ត្រីបានបង្ហាញឲ្យដឹងថា ឧបករណ៍នេសាទខុសច្បាប់ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបាននាពេលនេះ រួមមាន របាំងស្បៃមុងចំនួន៣៥ ប្រវែង៣ពាន់ម៉ែត្រ លូស្បៃមុងចំនួន៧០មាត់លូ បង្គោលឃ្លៃជាច្រើនពាន់បង្គោល និងរបាំងសាច់អួននីឡុងប្រវែងជា៦០០ម៉ែត្រ លបសាច់អួននីឡុងចំនួន១០ និងបានចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួនជិត១ពាន់គីឡូក្រាមផងដែរ ។
ក្រុមមន្ត្រីអះអាងថា វត្ថុតាងទាំងនេះគឺត្រូវនាំទៅថែរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលឆ្លូង ដើម្បីកសាងសំណុំឯកសារចាត់ការបន្តតាមនីតិវិធី ស្តីពីជលផល ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាលក្ខណៈទ្រុងទ្រាយធំនេះ គឺក្រុមសមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនជនណាម្នាក់ដែលជាប់ពាក់ព័ន្ឋនឹងបទល្មើសនេសាទទាំងនេះទេ ។
លោក ម៉ុក ពន្លក បានឲ្យដឹងទៀតថា អនុវត្តតាមទិសដៅរបស់គណៈបញ្ជាការឯកភាពខេត្ត កម្លាំងខណ្ឌរដ្ឋបាលជលផល រួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋ ចុះបង្ក្រាបនូវរាល់បទល្មើសខុសច្បាប់បានជាបន្តបន្ទាប់នៅទូទាំងខេត្ត ទាំងរដូវបើកនិងបិទនេសាទ ៕



ចែករំលែកព័តមាននេះ