ផ្សែងមានជាតិពុលដែលហុយមកពីប្រទេសឥណ្ឌូណេស៊ី បានបង្កឱ្យស្ទះជាថ្មីដល់ចរាចរណ៍តាមអាកាសក្នុងប្រទេសថៃនាថ្ងៃទី២២ តុលា ។
ភ្លើងឆេះព្រៃទាក់ទិននឹងការកាប់ទន្ទ្រានព្រៃយកដីដាំដំណាំញ៉ាំងឱ្យមានផ្សែងហុយមកដល់ប្រទេសថៃ ធ្វើឱ្យយឺតយ៉ាវដល់ជើងហោះហើរ៣របស់យន្តហោះ រវាងក្រុងបាងកក និងហាត់យ៉ៃ ចុងខាងត្បូងថៃ ។ ជើងហោះហើរក្នុងស្រុកមួយទៀតត្រូវបង្ខំវាងកាលពីយប់ថ្ងៃទី២១ តុលា ឆ្ពោះទៅកាន់ព្រលានយន្តហោះស៊ូរ៉ាត់ថានី មកពីមើលមិនឃើញច្បាស់ ។
ទីភ្នាក់ងារឥណ្ឌូណេស៊ីគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៩ តុលា កន្លងមកនេះ ទទួលស្គាល់ថា សភាពការណ៍ពិតជាពុំអាចត្រួតត្រាបាន ។ បណ្តាទិន្នន័យផ្កាយរណបបង្ហាញថា នៅសល់ចំណុះក្តៅ១.៥០០ទៀតនៃបណ្តាតំបន់ដែលមានភ្លើងឆេះព្រៃ ហើយនៅតំបន់ទាំងនេះលក្ខខណ្ឌអនុគ្រោះខ្លាំងងាយឱ្យភ្លើងឆាបឆេះ ។
កាលពីដើមខែតុលានេះ យន្តហោះជាច្រើនគ្រឿងដឹកពួកអ្នកទេសចរពេញៗទៅកាន់តំបន់កម្សាន្តមាត់សមុទ្រភាគខាងត្បូងថៃ ពុំអាចចុះបាន ព្រោះតែផ្សែងភ្លើងហុយពីឥណ្ឌូណេស៊ីគ្របដណ្តប់លើផ្ទៃមេឃអាស៊ីអាគេ្នយ៍មកពីការដុតព្រៃនៅឥណ្ឌូណេស៊ី ។ កោះទេសចរណ៍ភូកេត និងកោះសាមុយរងការប៉ះពាល់រហូតដល់អ្នកទេសចរមួយចំនួននាំគ្នាពាក់ម៉ាស់តាមឆ្នេរខ្សាច់នៅភូកេត ។ លើកនេះផ្សែងហុយមកកាន់តែឆ្ងាយដល់ក្រុងបាងកក ។
ភ្លើងឆេះព្រៃដុតព្រៃចាប់ផ្តើមពីច្រើនខែមក ហើយនៅខេត្តស៊ូម៉ាត្រា និងកាលីម៉ង់តាន់ របស់ឥណ្ឌូណេស៊ីដែលនៅទីនោះគេវាទដីសម្រាប់ដាំដូងប្រេង ៕
ចែករំលែកព័តមាននេះ