ខេត្តរតនគិរី ៖ លោកឃឹម ហ៊ីង អតីតយុទ្ធជន រស់នៅភូមិ១ ឃុំត្រពាំងជ្រេស ស្រុកកូនមុំ មានកូនប្រុសស្រីក្នុងបន្ទុក រួមទាំងចៅផងចំនួន១៨នាក់ មានជីវភាពទីទាល់ក្រ គ្មានដីស្រែធ្វើនឹងគេទេ ទើបនឹងសន្សំលុយបានបន្តិចបន្តួចទិញដីបានមួយចំនួនជាង៨០A តែប៉ុណ្ណោះស្ថិតនៅភូមិ៤ ហៅគ៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ តែចៃដន្យដីស្រែដែលគាត់ទិញបាននោះមិនបានធ្វើស្រែទេ គឺមានសុទ្ធតែត្បូងប្រភេទកែវណាំហ្វា និងត្បូងថ្មកែវ។
លោកពូ ឃឹម ហ៊ីង បានបន្តថា គ្រួសារគាត់រស់នៅដោយអាស្រ័យទៅលើការជីកត្បូងដើម្បីលក់ចិញ្ចឹមគ្រួសារ ហើយការជីកត្បូងគេទិញជាគីឡូក្រាម ដោយតម្លៃខ្ពស់បំផុតក្នុង១គីឡូក្រាម១ម៉ឺនរៀល លោកបន្តទៀតថា ថ្ងៃណាហេងអាចទទួលបានប្រាក់កំរ៉ៃចាប់ពី២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀល តែមិនបានរាល់ថ្ងៃនោះទេ ជីក៤ទៅ៥ថ្ងៃមិនត្រូវក៏មានដែរ។
ជាងនេះទៀតលោកបានត្អូញត្អែរថា គ្រួសារគាត់ទាល់ដៃជើងណាស់មិនសូវមានកម្លាំងអាចធ្វើការធ្ងន់បាន ព្រោះកូននៅតូចៗ។ គួរបញ្ជាក់ថា ត្បូងកែវណាំហ្វា គឺជាថ្មម្យ៉ាងដែលមានពណ៌ស្វាយ ឫពណ៌ដូចជាថ្មកែវ ហើយប្រភេទត្បូងដែលអណ្តែតនៅលើដី និងនៅក្នុងដីជំរៅចាប់ពី៥០សង្ទីម៉ែត្រ ទៅ៨០សង្ទីម៉ែត្រ(ជម្រៅកន្លះម៉ែត្រ) ងាយស្រួលកកាយរកណាស់ បច្ចុប្បន្នប្រជាជនជាតិខ្មែរក៏ដូចជាភ្ញៀវបរទេសគេនិយមប្រើណាស់ដោយគេយកមកកែច្នៃធ្វើជាគ្រឿងអលង្ការ ខ្សែ.ក ខ្សែដៃ ឫគ្រឿងលម្អផ្សេងៗទៀតក៏បានដែរ ។
សព្វថ្ងៃនេះគាត់លក់ត្បូងទាំង២ប្រភេទខាងលើ គឺលក់ឱ្យកុងសែនៅក្នុងក្រុងបានលុងតែម្តង។ លោកឃីម ហ៊ីង បានបន្ថែមទៀតថា លោកគ្រាន់តែប្រកបមុខរបរនេះជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែពេលខ្លះមានសមត្ថកិច្ចមូលដ្ឋានតម្រូវឱ្យគាត់បង់លុយចំនួន១លាន២សែនរៀលក្នុងមួយឆ្នាំង ក្នុងនោះដែរគ្រួសារខាងលើមិនបានបញ្ជាក់ថា អង្គភាពណានោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោកហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឲ្យដឹងថា ការចោទប្រកាន់រឿងសមត្ថកិច្ចតម្រូវឱ្យបង់ប្រាក់នោះលោកអត់បានដឹងទេ ក៏ប៉ុន្តែគ្រួសារជីកត្បូងខាងលើគឺជីកលក្ខណៈគ្រួសារគ្មានច្បាប់អនុញ្ញាតទេ។
សូមបញ្ជាក់ថា នៅចំណុចជីកត្បូងខាងលើមានតែគ្រួសារគាត់មួយគត់៕



ចែករំលែកព័តមាននេះ