ប្រទេសរុស្ស៊ីជាអ្នកចេញមុខធ្វើការផ្តួចផ្តើមគំនិតលើជម្លោះនៅប្រទេសស៊ីរី ដោយប្រកាសកាលពីថ្ងៃទី២១ តុលា ថា បានទទួលសម្ព័ន្ធមិត្ត លោកបាចា អាល់អាសាដ សម្រាប់ការចេញក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ២០១១មក និងប្រកាសពីការចរចាចតុភាគីមួយ ដែលរួមមានសហរដ្ឋអាមេរិកផងដែរនាថ្ងៃទី២៣ តុលា។
ទន្ទឹមនឹងការធ្វើអន្តរាគមន៍ យោធាជួយរបបលោកអាសាដ ប្រឈមមុខនឹងបណ្តាពួកឧទ្ទាមនៅស៊ីរី ក្រុងមូស្គូអះអាងថា ដំណើរការនយោបាយត្រូវធ្វើទន្ទឹមគ្នានឹងប្រតិបត្តិការយោធា ក្នុងប្រទេសនេះ ដែលហែកហួដោយសង្គ្រាមរយៈពេលជាង៤ឆ្នាំមកហើយ ។
បន្ទាប់ពីទស្សនកិច្ចរបស់លោកអាសាដ នៅក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានប្រាស្រ័យទាក់ទងជាមួយបណ្តាមេដឹកនាំសំខាន់ៗក្នុងតំបន់ ក្នុងនោះរួមមានព្រះមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត និងប្រធានាធិបតីតួកគី ដែលជាអ្នកប្រទូស្តរ៉ាយខ្លាំងជាមួយលោកអាសាដ ។
ដោយញញឹម ប្រធានាធិបតីស៊ីរីបានថ្លែងអំណរគុណចំពោះលោកពូទីន ចំពោះអន្តរាគមន៍នៃកងយន្តហោះចម្បាំងរុស្ស៊ីពីថ្ងៃទី៣០ កញ្ញា មកនៅស៊ីរី ។ លោកថ្លែងថា ភេរវកម្មដែលរីករាយប៉ាយក្នុងតំបន់នឹងកាន់តែពង្រីកដែនដីថែមទៀត បើពុំមានសកម្មភាពយោធារបស់រុស្ស៊ី និងការសម្រេចចិត្តរបស់លោកពូទីនទេនោះ ។
ចំពោះលោកពូទីន ដែលអះអាងថា រុស្ស៊ីត្រៀមធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ពុំត្រឹមតែការតស៊ូប្រឆាំងភេរវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ក្នុងដំណើរការនយោបាយផងដែរ លោកអាសាដ ឆ្លើយតបថា រាល់សកម្មភាពយោធាត្រូវបន្តទន្ទឹមបណ្តាវិធានការនយោបាយ ។
សម្រាប់មេដឹកនាំរុស្ស៊ីយល់ថា ដំណោះស្រាយនយោបាយមួយអាចទៅរួច តែជាមួយការចូលរួមរបស់គ្រប់កម្លាំងនយោបាយ ជនជាតិភាគតិច និងសហគមន៍សាសនាទាំងអស់របស់ប្រទេស ហើយបើនិយាយឱ្យចំគឺពឹងផ្អែកលើប្រជាជនស៊ីរី ។
ការជួបគ្នារវាងលោកពូទីន និងលោកអាសាដ ហាក់បង្ហាញថា ក្រុងមូស្គូប្តេជ្ញាជួយទ្រទ្រង់សម្ព័ន្ធមិត្ត ហើយវិមានក្រឹមឡាំងអះអាងថា បញ្ហានៃការចាកចេញពីអំណាចជាយថាហេតុរបស់លោកអាសាដ ពុំត្រូវបានលើកឡើងឡើយ ៕
ចែករំលែកព័តមាននេះ