ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឿ​ន ឆៃ​ដែន និង​ផា​ន់ គ្រាន់ ស្វាគមន៍​ថៃ​នៅ SEA.TV ខណៈ​គូ​អន្តរជាតិ​នៅ TV5 តានតឹង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៤ តុលា ការ​ប្រកួត​ប្រដាល់​២​សង្វៀន​ត្រូវ​គេ​ចាប់អារម្មណ៍​ថា​បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​អ្នក​ស្នេហា​ប្រដាល់​យ៉ាង​ពិសេស​តែ​ម្ដង ។ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV) វេលា​ម៉ោង​៨​ព្រឹក កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ​ឈឿ​ន ឆៃ​ដែន និង​ផា​ន់ គ្រាន់ ត្រូវ​គេ​ឱ្យ​ប៉ះ​កណ្ដាប់ដៃ​ជាមួយ​ថៃ ចំណែក​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល កីឡាករ​កម្ពុជា​និង​ថៃ​រឹតតែ​ត្រូវ​ស្វាគមន៍​គ្នា​ដោយ​ភាព​តានតឹង​បំផុត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ (TV5) ។

កីឡាករ​ឈឿ​ន ឆៃ​ដែន នឹង​ត្រូវ​គេ​ឲ្យ​ស្វាគមន៍​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​នៅ​វេលា​ព្រឹកស្អែក ដើម្បី​រំលេច​ព្រឹត្តិការណ៍​អន្តរជាតិ​រៀង​រាល់​២ស​ប្ដា​ហ៍​ម្ដង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​ថៃ​ឈ្មោះ Phach Nam Ek ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​ជើង​ខ្លាំង​ទៅ​ហើយ នឹង​បើក​ឆាកប្រយុទ្ធ​ជាមួយ​កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុ​ជាមួយ​នេះ ។ អ្នក​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​ក្រោម​ក្រសែភ្នែក​តាមដាន​ពី​អ្នក​ទស្សនា​កកកុញ ។ កីឡាករ​កម្ពុជា​គឺជា​ជើង​ខ្លាំង និង​ជា​គ្រាប់ពេជ្រ​ប្រចាំ​ក្លិប​និរោធ​មាន​ជ័យ ហើយ​នៅ​លើ​សង្វៀន​គេ​កម្រ​ទទួល​បរាជ័យ​ណាស់ បើ​ទោះជា​គូប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​គឺជា​ម្ចាស់​ខ្សែក្រវាត់ និង​ល្បី​ថា​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ក្ដី ។ ប៉ុន្តែ​ពេល​ខ្លះ​គេ​ស្ពាយ​ភាព​អាម៉ាស់ ព្រោះតែ​ចាញ់​ក្រោម​ដៃ​កីឡាករ​ធម្មតា​ដែល​នឹក​ស្មាន​មិន​ដល់​ផង​ដែរ នៅ​ពេល​គូប្រកួត​ហាក់​ចាប់​បាន​នូវ​ចំណុចខ្សោយ​របស់​គេ​នៅ​ផ្នែក​ណាមួយ​។ យ៉ាងណា​ក៏​ដោយ កីឡាករ​ឈឿ​ន ឆៃ​ដែន ត្រូវ​គេ​មើលឃើញ​ថា មានគុណ​សម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ ដោយ​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​វាយលុក​ក៏​ល្អ​មិន​ចាញ់​កីឡាករ​កម្ពុជា​ដែល​ឈរ​ក្នុង​លំដាប់​ជួរ​មុខ​ផ្សេង​ទៀត​នោះ​ដែរ ។

កីឡាករ​ថៃ និង​កីឡាករ​កម្ពុជា​គូ​នេះ ត្រូវ​គេ​អះអាង​ថា​មាន​តួលេខ​ចាញ់​ដៃគូ​ស្មើគ្នា ដោយ​ប្រវត្តិ​នៃ​ការ​ឡើង​រេញ​របស់​អ្នក​ទាំង​ពីរ​មាន​សភាព​ខុស​គ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ កីឡាករ​ថៃ Phach Nam Ek ធ្លាប់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក​។ ឯ​ឈឿ​ន ឆៃ​ដែន ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៥៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក​និង​មាន​កម្ពស់​ប្រហាក់ប្រហែល​គ្នា ។ អ្នក​ទាំង​២​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​មើលឃើញ​ថា​ល្អ​ជាង ជា​ពិសេស​កម្លាំង​ស៊ុ​ហ្វ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​មួយគូ​នេះ មាន​គេ​ចាំ​មើល​ច្រើន ។

កីឡាករ​ផា​ន់ គ្រាន់ ដែល​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍ ត្រូវ​គេ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phlay Noy នៅ​វេលា​ព្រឹក​នោះ​ដែរ​។ អ្នក​ទាំង​២​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ គ្រាប់ពូជ​ដ៏​សំខាន់​របស់​ក្លិប​គជសារ​កីឡា ហាក់​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​យកឈ្នះ​ទៅ​លើ​កីឡាករ​ថៃ បើ​ទោះជា​មាន​តួលេខ​បញ្ជាក់​ថា គេ​មាន​ប្រវត្តិ​ឡើង​រេញ និង​ឈ្នះ​ច្រើន​ជាង​កីឡាករ​ផា​ន់ គ្រាន់ ។ ជើង​ខ្លាំង​រូប​នេះ ប្រកាស​ដោយ​ចំហ​ថា មិន​ចាញ់​សម្រាប់​ព្រឹកស្អែក​នោះ​ទេ ដោយសារ​តែ​មុនគេ​ឡើង​ប្រកួត គឺ​បាន​ហ្វឹកហាត់ និង​រំឭក​ក្បាច់គុន​ដិត​ដល់ ។ ប៉ុន្តែ​ភាគី​ថៃ​ក៏​អះអាង​ដូច​គ្នា​ថា​កីឡាករ​របស់​ខ្លួន គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​ថ្វីដៃ​ធ្លាប់​បំបាក់​កីឡាករ​ខ្មែរ​កន្លង​មក​ផង​ដែរ​។ កីឡាករ​ថៃ មាន​ស្ថិតិ​ធ្លាប់​ប្រកួត​បាន​៨៨​ដង ឈ្នះ​៧៧​ដង ចាញ់​៨​ដង និង​ស្មើ​៣​ដង ។ ចំណែក​កីឡាករ​ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៨​ដង ចាញ់​៨​ដង និង​ស្មើ​៤​ដង ។ អ្នក​ទាំង​២ បើ​ធៀប​នឹង​ការ​ប្រកួត​រវាង​កីឡាករ​ថៃ និង​កម្ពុជា​ខាងលើ គឺ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង ដោយសារ​តែ​ផា​ន់ គ្រាន់ ក៏​ខ្លាំង ហើយ​កីឡាករ​ថៃ​ក៏​ខ្លាំង​នៅ​លើ​សង្វៀន។

នៅ​ថ្ងៃ​សៅរ៍​ កីឡាករ​២​រូប​ដែល​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ផង និង​ជា​គូប្រកួត​ប្រជែង​គ្នា​ឆ្ពោះទៅ​រក​ចំណាត់ថ្នាក់​ជើងឯក​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ក៏​កាន់តែ​មាន​ចំណាប់អារម្មណ៍​ថែម​ទៀត ។ ការ​ប្រកួត​ដែល​ចាប់ផ្តើម​នា​ម៉ោង​៥​ល្ងាច​ស្អែក​នៅ​សង្វៀន​ជ្រោយចង្វា​ជាប់​សាកលវិទ្យាល័យ​ន័​រ​តុ​ន​នោះ គឺជា​វគ្គ​អ្នក​ឈ្នះ​ពូ​ល​A ប៉ះ​ជាមួយ​ពូ​ល​B ។ យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​កីឡាករ​៤​រូប គឺ​មានការ​ប៉ះ​ប្រកួត​រវាង​កីឡាករ​ឈាន ហុង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ថៃ MeerachaiMenayuthin ប៉ុណ្ណោះ​ដែល​ត្រូវ​គេ​ផ្ដោត​ការ​ចាប់អារម្មណ៍​ជាងគេ​។ ចាប់អារម្មណ៍​ដោយសារ​តែ​អ្នក​ទាំង​ពីរ​ជាប់​លេខ​ខាង​ខ្លាំង និង​ត្រូវ​គេ​មើលឃើញ​ថា បើ​អ្នក​ណា​ឈ្នះ​នៅ​ក្នុង​វគ្គ​នេះ​នឹង​ក្លាយជា​ជើងឯក​តែ​ម្ដង ដោយសារ​តែ​កីឡាករ​២​រូប​ទៀត​មិនមែន​ជា​គូ​របស់​ពួក​គេ​នោះ​ទេ ។ រវាង​កីឡាករ​ឈាន ហុង និង​កីឡាករ​ថៃ ទាំង​ថ្វីដៃ និង​បច្ចេកទេស​គឺ​មាន​កម្រិត​ល្អ​ដូច​គ្នា ហើយ​អ្នក​ទាំង​ពីរ​ក៏​ពិតជា​ឈ្នះ​ចាញ់​គ្នា​ដោយ​វេទនា​នៅ​វគ្គ​ចុង​ក្រោយ​នោះ​ដែរ ដោយសារ​តែ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​ប្រកួត​បន្ត​យក​ជើងឯក និង​ប្រាក់​លាន ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ប៊ុ​ន​ហាន មក​ពី​ក្លិបឫ​ទ្ធី​ពោធិ​សែន​ជ័យ​ផង​ដែរ ។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​មាន​ម្នាក់​ឡើង​ទៅ​ប៉ះ​ឈាន ហុង ឬ​កីឡាករ​ថៃ​ដើម្បី​កំណត់​យក​លេខ​១ ។ យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ មានការ​ប៉ាន់​ស្មានថា មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ឈាន ហុង ឬ​កីឡាករ​ថៃ​នោះ​ទេ​។ អ​ញ្ចឹ​ង​ហើយ​ទើប​មានការ​សោកស្ដាយ ដ្បិត​បើ​កីឡាករ​ឈាន ហុង និង​កីឡាករ​ថៃ កុំ​ប៉ះ​គ្នា​ក្នុង​វគ្គ​១​ភាគ​៤ នោះ​ពួក​គេ​គឺ​ពិតជា​ប៉ះ​គ្នា​ក្នុង​វគ្គ​ដណ្ដើម​យក​លេខ​១ និង​លេខ​២ ដែល​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​មួយ​នេះ​កក្រើក​ខ្លាំង ។

នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​វគ្គ​ខ្វែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន K-Cement ចាប់ពី​ម៉ោង​២​រសៀល​តទៅ ៕