រាជធានីភ្នំពេញ ៖ ស្ត្រីសង្ស័យជួញដូរគ្រឿងញៀនម្នាក់បានស្រែកទ្រហោយំសំពះសុំអង្វរឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវដោះលែង ក្រោយពីឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២១ តុលា ២០១៥ នៅផ្ទះគ្មានលេខ ស្ថិតនៅខាងក្រោយក្រុមហ៊ុនឃ្យូប៊ី ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ គឹម ស្រីណៃ ហៅអាណៃ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួនពេលកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែងនៅទីតាំងខាងលើ ។
ក្រោយពីការឃាត់ខ្លួនស្ត្រីសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាចំនួន៩កញ្ចប់ (ធំ២កញ្ចប់ តូច៧កញ្ចប់) រួមទាំងឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀតផង ។ បន្ទាប់ពីសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ស្ត្រីខាងលើក៏បានស្រែកទ្រហោយំយ៉ាខ្លាំងសំពះសុំអង្វរសមត្ថកិច្ចឱ្យដោះលែងដើម្បីមានសេរីភាពទៅជួបជុំប្តីនិងកូននៅឯផ្ទះវិញផងដែរ ។
ស្ត្រីសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ