រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ខ្លួនកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២១ តុលា ២០១៥ នៅផ្ទះលេខ២៥៨ ផ្លូវ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាពាក់ព័ន្ធបើកទីតាំង និងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់កន្ទុយលេខ ដោយដកហូតវត្ថុតាង លុយខ្មែរ និងដុល្លារជាច្រើនទៀត។
មន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា ក្រោយពីមានការស្រាវជ្រាវ និងតាមដានមួយរយៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឡោមព័ទ្ធទីតាំងមួយកន្លែងរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ស្រី០២នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខឆ្នោត) ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួមមានលុយខ្មែរ២លាន១៨ម៉ឺនរៀល លុយដុល្លា៤៣២$ និងសម្ភារសម្រាប់កត់ឆ្នោតមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
គួរបញ្ជាក់ថា នៅក្នុងភូមិត្រពាំងឈូកមុខមន្ទីរពេទ្យព្រះកុសមៈ សង្កាត់ទឹកថ្លា ក្រៅពីល្បែងកន្ទុយលេខជាច្រើនកន្លែងនោះក៏កើតល្បែងស៊ីសងហ្គេមបាញ់ត្រីសំបូរបែបច្រើនស្អេកស្កះផងដែរ៕



ចែករំលែកព័តមាននេះ