ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ​នា​វគ្គ​ផ្ដាច់​ព្រ័ត​នៅ PNN ដណ្ដើម​ទឹកប្រាក់​1​ម៉ឺ​ន​ដុល្លារ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​លំដាប់​ជួរ​មុខ​កម្ពុជា និង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​នឹង​ឡើង​អង្រួន​សង្វៀន​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ ដើម្បី​ក្លាយជា​ម្ចាស់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ នៅ​ស្ទូ​ឌី​យោ​ទូរទស្សន៍​PNN នា​ថ្ងៃ​ទី​២៤ តុលា ២០១៥ ចុង​ស​ប្តា​ហ៍​នេះ ។

ព្រឹត្តិការណ៍​ប្រដាល់សេរី​ដ៏​លេចធ្លោ​មិន​ធ្លាប់​មាននៅ​កម្ពុជា​ដើម្បី​ចម្រាញ់​យក​កីឡាករ​ល្អ​ផ្តាច់ ក្នុង​ប្រភេទ​ទម្ងន់​៥៤, ៥៧ និង​៦៣,៥​គីឡូក្រាម នេះ​នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​PNN​ចាប់ពី​ម៉ោង​៤​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ។

កូន​ខ្លា​ជើង​រន្ទះ​កណ្ដាប់ដៃ​ផ្លេកបន្ទោរ អាំង សំអាត នឹង​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ សៀវ ង៉ុ​យ នា​គូ​ទី​១ ដើម្បី​កាត់សេចក្តី​ថា តើ​នរណា​ជា​អធិរាជ​លើ​សង្វៀន​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ មុន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ អាំង សំអាត បាន​យកឈ្នះ​គូបដិបក្ខ​ទាំង​៤​រូប ខណៈ​សៀវ ង៉ុ​យ ចាញ់​១ ឈ្នះ​៣​នៅ​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ របស់​ស្ថានីយទូរទស្សន៍​PNN កន្លង​មក ។

រីឯ​គូ​ទី​២​វិញ គឺជា​វេន​របស់​អ្នក​ប្រដាល់​មុខ​តាន់ ជង្គង់​ថ្ម ជា សំនៀង ដែល​នឹង​ត្រូវ​ចូលខ្លួន​មក​តតាំង​ជាមួយ​នាគរាជ​កំពូល​ពិស​របស់​ថៃ ម​ង្គុ​ន ពេជ្រ (MongkornpetchChorpradith)​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ អ្នក​ល្បី​ទាំង​ពីរ​មិន​ធ្លាប់​ចាញ់​សត្រូវ​លើ​សង្វៀន​ម្តងណា​ឡើយ​កន្លង​ទៅ​នៅ PNN ។

គូ​ទី​៣​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម អ្នក​ស្នេហា​វិស័យ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ នឹង​បាន​ទស្សនា​ម្ចាស់​មេដាយមាស​វ៉ូ​វី​ណា​ម​ពិភពលោក​ឆ្នាំ​២០១៥ សែន រ៉ា​ឌី ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​កីឡាករ​ថៃ​អ្នកលេង​ជង្គង់​គ្មាន​ប្រណី​កង​ភុ​ន​លិ​ក (KongpornlekKiatkorngpon)​។ សម្រាប់​គូ​នេះ កីឡាករ​ម្ទេសខ្មាំង សែន រ៉ា​ឌី បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ទាំងអស់​នៅ​លើ​សង្វៀន PNN ចំណែក កង ភុ​ន​លិ​ក ធ្លាប់​ឈ្នះ​ដោយ​សន្លប់​១ និង​ឈ្នះ​ដោយ​ពិន្ទុ​៣​ដង​។

ជ័យ​លា​ភី​ម្នាក់​ៗ តាម​ប្រភេទ​ទម្ងន់​របស់​ខ្លួន នឹង​ទទួល​បាន​ពានរង្វាន់​មួយ ខ្សែក្រវាត់​មួយ​ពី​ស្រា​បៀរ​លី​អូ អម​ដោយ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ខ្មែរ ១​ម៉ឺន​ដុល្លារ​ផង​ដែរ​។

លោក សំណព្វ ប្រធាន​ផ្នែក​កីឡា​របស់​ទូរទស្សន៍​PNN ថ្លែង​ថា​៖ «​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ជើងឯក​ដែល​មាន​ទឹកប្រាក់​ដ៏​មហិមា​នេះ នឹង​មានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន មិន​ថា​នៅ​ស្ឌូ​ឌី​យូ​ផ្ទាល់ ឬ​នៅ​ឯ​គេហដ្ឋាន ដោយសារ​តែ​កីឡាករ​ទាំង​៦​ដួង​នេះ សុទ្ធសឹងតែ​ធ្លាប់​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​លើ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ អស់​រយៈពេល​៣​ខែ​មក​ហើយ ។ ហើយ​ជំនួប​លើក​នេះ នឹង​រឹតតែ​រំភើប​ជក់ចិត្ត​ដិតអារម្មណ៍​ជាង​ពេល​ណា​ៗ​ទាំងអស់​» ។

មុន​ពេល​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ អាំង សំអាត ធ្លាប់​ឈ្នះ​ការ​ប្រកួត​ចំនួន​២៥​ដង ចាញ់​១៩​ដង ស្មើ​៥​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣​ដង រីឯ​កីឡាករ សៀវ ង៉ុ​យ ឈ្នះ​៦៣​ដង ចាញ់​២១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​២១​ដង ។

បើ​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​ប្រកួត​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​វិញ កីឡាករ ជា សំនៀង ធ្លាប់​ប្រកួត​ឈ្នះ​៨២​ដង ចាញ់​៨​ដង ស្មើ​១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧​ដង រីឯ​កីឡាករម​ង្គុ​ន ពេជ្រ​ឈ្នះ​៦៨​ដង ចាញ់​២៨​ដង ស្មើ​២​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣៣​ដង ។

កីឡាករ​សែន រ៉ា​ឌី ហៅ​ម្ទេសខ្មាំង មាន​ទម្ងន់​៥៧​គីឡូក្រាម ធ្លាប់​ឈ្នះ​ការ​ប្រកួត​ចំនួន​៤៥​ដង ចាញ់​១១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣២​ដង ។ កីឡាករ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តកោះកុង​រូប​នេះ នឹង​ជួប​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ កង ភុ​ន​លិ​ក ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៥២​ដង ចាញ់​២៥​ដង ស្មើ​២​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៩​ដង ៕