ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យឆបោកម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចក្រុងកំពង់ឆ្នាំងចាប់ខ្លួនបាន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២២ តុលា ២០១៥ ខណៈពេលជនសង្ស័យលេចមុខនៅផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីឆបោកម៉ូតូគេរួចគេចខ្លួនបានជាងកន្លះឆ្នាំ។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយថា ជនសង្ស័យខាងលើមានឈ្មោះ ស្លឿត ថា អាយុ៣១ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចំណែកម្ចាស់ម៉ូតូមានឈ្មោះ សម្រិត ពិសិដ្ឋ អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើមានមុខរបរជាកម្មករសំណង់ជាមួយម្ចាស់ម៉ូតូ និងបានមកសុំស្នាក់នៅជាមួយម្ចាស់ម៉ូតូនៅភូមិត្រពាំងចិក្សា។ នៅថ្ងៃកើតហេតុម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៧ មេសា ២០១៥ ជនសង្ស័យខាងលើបានខ្ចីម៉ូតូរបស់ម្ចាស់ផ្ទះមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី០៧ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A.2159 ដោយប្រាប់ថា ខ្ចីទៅទិញម្ហូបហូបបាយ រួចក៏គេចបាត់រហូត៕


ចែករំលែកព័តមាននេះ