រាជធានីភ្នំពេញ ៖ ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ និងវ៉ន សាវី មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានណាត់ជួបគ្នាជម្រះបញ្ជីនៅលើសង្វៀនស៊ីធីអិននាថ្ងៃអាទិត្យ ទី២៥ តុលា ក្នុងឋានះជាគូសងសឹក ។
កាលពី៣សប្ដាហ៍មុនពួកគេទាំង២នាក់ធ្លាប់ជួបគ្នាម្ដងរួចមកហើយ ដែលកាលណោះ វ៉ន សាវី ជាអ្នកឈ្នះពិន្ទុទាំងប្រផិតប្រផើយបំផុត ទើបធ្វើឱ្យ ហេង វិឆ័យ មិនអស់ចិត្តក៏សុំឡើងប្រកួតម្ដងទៀតដើម្បីជម្រះបញ្ជីឱ្យដាច់ស្រឡះ ។ គូនេះបើនិយាយពីក្បាច់ប្រយុទ្ធនៅលើសង្វៀនមិនអន់ជាងគ្នាប៉ុន្មានទេ ។ តាមការសង្កេតការប្រកួតកន្លងមក ហេង វិឆ័យ វាយចេញយឺតប៉ុន្តែធ្ងន់ ជាពិសេសស្នៀតជើងរបស់គេតែម្ដង ឯស្នៀតកែង និងជង្គង់ល្អគ្រាន់បើ ។ ចំណែក វ៉ន សាវី វិញ អត់មានស្នៀតអ្វីដែលពិសេសពិបាកទប់ទល់ទេ គ្រាន់តែចិត្តរបស់គេរាងសឿងជាងបន្តិចប៉ុណ្ណោះ ឯផ្លែកែង និងជង្គង់របស់គេអាចប្រើការបានគ្រប់ស្ថានការណ៍។ ទោះជាយ៉ាងណាកីឡាកររូបនេះមិនហ៊ានមើលស្រាលលើគូប្រកួតទេដោយសារលើកមុនទម្រាំយកឈ្នះហេង វិឆ័យដោយពិន្ទុគឺលំបាកខ្លាំងណាស់ ។ ដូច្នេះសម្រាប់ការជួបគ្នាលើកនេះ មិនទាន់ដឹងថាមានសំណាងដូចមុនឬយ៉ាងណាទេស៊ីសងសាកគ្នាមើលសិនទើបដឹង ។
ក្រៅពីគូសងសឹកនេះទៅនៅលើសង្វៀនដដែលក៏មានគូខ្លាំងៗជាច្រើនទៀតដូចជា កីឡាករហ៊ុន គីរី មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ប្រកួតជាមួយកីឡាករ មាស ឆូយ មកពីក្លិបសុភានូមានជ័យ ។ កីឡាករសោម វិឆ័យ មកពីក្លិបគីសែមានរិទ្ធប្រកួតជាមួយកីឡាករសុខ វាសនា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ កីឡាករឡុង ជិន មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករពេជ្រ ប៊ុនឆេន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ កីឡាករសិទ្ធ លីយ៉ុង មកពីក្លិបសាមគ្គីកូនខ្មែរ ប្រកួតជាមួយកីឡាករម៉ន សុខហេ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក និងគូចុងក្រោយកីឡាករឡុង ចាន់ណា មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករអាត រិទ្ធី មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ