ខេត្តពោធិ៍សាត់ ៖ រថយន្តពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ តុលា ២០១៥។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តតាកូម៉ាព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V.1564ជាមួយរថយន្តISUZUពាក់ស្លាកលេខភ្នំពេញ2ផ.0590។
លោកវរសេនីយ៍ទោរស់ ចំរើន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅយប់នោះរថយន្តតាកូម៉ាធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើត រីឯរថយន្ត ISUZU ធ្វើដំណើរពីកើតទៅលិចបញ្ច្រាសទិសគ្នា។
រថយន្តទាំងពីរគ្រឿងសុទ្ធតែធ្វើដំណើរក្នុងល្បឿនលឿនដូចគ្នា។ ពេលមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តតាកូម៉ាក្រឡាប់បែរមុខទៅចិញ្ចើមផ្នល់ខាងត្បូងរបួសអ្នកបើកបរធ្ងន់ ហើយអ្នករួមដំណើរជាមួយម្នាក់ទៀតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាមអ្នកបើកបររថយន្តISUZU មិនស្គាល់ឈ្មោះគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះដែលស្លាប់ភេទប្រុស ប៉ុន្តែមិនស្គាល់ឈ្មោះទេ និងអ្នករងរបួសធ្ងន់ឈ្មោះរិទ្ធិ ភេទប្រុស។ អ្នកទាំងពីរក៏មិនទាន់ដឹងទីលំនៅនៅឯណានៅឡើយដែរ ព្រោះស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យនៅឡើយ៕


ចែករំលែកព័តមាននេះ