រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលអាណត្តិទី៥ បានសរសេរ បង្ហោះនៅរសៀលថ្ងៃទី២២ តុលា ២០១៥ មានខ្លឹមសារទំាងស្រុងថា ”សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលយើងមាន ស្ពានថ្មីមួយទៀតប្រើប្រាស់នៅថ្ងៃនេះ ។ ស្ពានមិត្តភាព កម្ពុជា-ចិន(ស្ពានជ្រោយចង្វាទី២) ជាសមិទ្ធផលជាតិថ្មីស្រឡាងក្នុងសម័យតេជោ ។ ស្ពាននេះជាស្ពានភ្លោះទី២ បន្ទាប់ពីស្ពានភ្លោះព្រះមុនីវង្ស ដែលត្រូវបានសាងសង់រួមគា្នជាមួយនឹងសួនច្បាររង្វង់មូលនៅគល់ស្ពានត្រើយខាងកើត ដែលមានរូបសំណាកព្រហ្មមុខបួន និងលម្អដោយ សួនច្បារ និងដើមត្នោត ដែលមានសោភ័ណភាពទាក់ទាញគួរជាទីចាប់អារម្មណ៍។
ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វាទី២ មានប្រវែង ៧១៩ម៉ែត្រ និងទទឹង១៣.៥ម៉ែត្រ ត្រូវបានសាងសង់ឡើងពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលសាងសង់ រយៈពេល៣៨ខែ និងចំណាយថវិកាប្រមាណ $២៧.៥ លានដុល្លារអាមេរិក ដែលជាជំនួយពីមិត្តចិន រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ស្ពាននេះបានដាក់អោយប្រើប្រាស់បណ្តោះអាសន្នចាប់តាំងពីក្នងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០១៤ រហូតត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។
ទាំងនៅលើស្ពានលើថ្នល់ និងតាមផ្លូវតូចធំទាំងក្រុង និងជនបទ សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ទន្ទឹមនឹងនេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលជាតិអោយនៅគង់វង្សបានល្អ ដែលយើងអាចប្រើប្រាស់ជាប់បានយូរអង្វែង។ ពិតណាស់ មានផ្លូវ មានស្ពាន គឺពិតជាមានសង្ឃឹម ។ កម្ពុជាសូមអរគុណមហាមិត្តចិនដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា “៕








ចែករំលែកព័តមាននេះ