ទីភ្នាក់ងារមហាសាគរ និងបរិយាកាសអាមេរិក NOAA រាយការណ៍កាលពីថ្ងៃទី២១ តុលា ថា ខែមុនជាខែកញ្ញា ដែលក្តៅជាងគេបំផុតលើភពផែនដីពុំធ្លាប់ជួបប្រទះតាំងពីចាប់ផ្តើមកត់ត្រាសីតុណ្ហភាពពីឆ្នាំ១៨៨០មក ។
NOAA បញ្ជាក់ថា ដំណាក់កាល៩ខែដំបូងនៃឆ្នាំនេះ ពីខែមករាដល់ខែកញ្ញាក៏ជាបណ្តាខែដែលក្តៅបំផុតពុំធ្លាប់មានចាប់តាំងពីច្រើនឆ្នាំមក ជាមួយសីតុណ្ហភាពឡើងខ្ពស់០,៨៥អង្សាសេ លើសសីតុណ្ហភាពមធ្យមនៃសតវត្សទី២០ ។
ក្នុងខែកញ្ញា សីតុណ្ហភាពលើផែនដី និងលើផ្ទៃមហាសមុទ្រ គឺ០,៩០អង្សាសេ លើសពីកម្រិតមធ្យមនៃសតវត្សទី២០ ដែលនោះជាសីតុណ្ហភាពក្តៅបំផុតប្រចាំខែនេះនៃឆ្នាំ២០១៥ ពុំធ្លាប់មានចាប់តាំងពីឆ្នាំ១៨៨០មក គឺលើសសីតុណ្ហភាពក្តៅបំផុតជាឯតទគ្គកម្មកាលពីឆ្នាំ២០១៤ ។
សីតុណ្ហភាពជាសាកលលើភពផែនដីក្នុងខែកញ្ញាគឺ១,១៦អង្សាសេខ្ពស់ជាងកម្រិតមធ្យមនៃសតវត្សទី២០ ហើយក៏ខ្ពស់ផងដែរ សម្រាប់ខែនេះពុំធ្លាប់មានចាប់តាំងពីឆ្នាំ១៨៨០មក ដោយលើសពីឯតទគ្គកម្មលើកមុនកាលពីឆ្នាំ២០០៩ ។
លើផ្ទៃមហាសមុទ្រសីតុណ្ហភាពក្នុងខែកញ្ញាកន្លងទៅមានលើសសីតុណ្ហភាពមធ្យមនៃសតវត្សទី២០ ដល់ទៅ០,៨១អង្សាសេ ៕
ចែករំលែកព័តមាននេះ