ប្រទេសវៀតណាម ៖ ថ្មីៗនេះផ្សារលក់រាយនៅក្នុងប្រទេសវៀតណាម បានរីកដុះដាលដូចផ្សិតក្នុងទម្រង់ជាការអភិវឌ្ឍបែប Mini ម៉ាត និងហាងលក់ទំនិញបែបធំទូលាយ ដែលមិនត្រឹមតែមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានក្រុមហ៊ុនបរទេសផងដែរ ។
តាមការស្រង់សម្តីរបស់អគ្គនាយកប្រតិបត្តិ CBRE Vietnam ដោយកាសែត Nhip Cau Dau Tu ឲ្យដឹងថា ទីផ្សារលក់រាយមានសក្តានុពលដ៏ប្រសើរបំផុតសម្រាប់កំណើននៃការអភិវឌ្ឍ ។
ជាងនេះទៀត លោកបន្ថែមថា ៖ «ខណៈចំណូលរបស់ហាងលក់ទំនិញធំៗស្មើនឹង២០%នៃផ្សារលក់ទំនិញ អត្រាការប្រាក់របស់វៀតណាមនៅតែស្ថិតក្នុងកម្រិតសមហេតុផលក្រោម១០%» ។
តាមការស្ទាបស្ទង់ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen រកឃើញថា ថ្មីៗនេះក្នុងរង្វង់២០% នៃអតិថិជនវៀតណាមបានដើរផ្សារធំៗជារឿយៗ ហើយនិន្នាការនេះកំពុងតែកើនឡើងនូវប្រជាប្រិយភាពក្នុងសង្គមសម័យទំនើបមួយ ។
ដោយសម្លឹងឃើញពីសក្តានុពលនេះ បច្ចុប្បន្នបណ្តាក្រុមហ៊ុនជាច្រើនបានជ្រៀតចូលផ្សារលក់រាយ ក៏ដូចជាការរៀបចំខ្លួនបញ្ជ្រាបចូលក្នុងទីផ្សារលក់រាយតាមរយៈការអភិវឌ្ឍជាផ្សារលក់ទំនិញធំៗ ។
ស្ថិតិបង្ហាញថា បរិមាណនៃ Mini ម៉ាតបានកើនឡើងយ៉ាងខ្លាំងប្រមាណជា២៦០%ចាប់តាំងពីឆ្នាំ២០១២ ឬស្មើនឹង៥៣០ម៉ាត គិតមកត្រឹមចុងខែកញ្ញា ។
ចាប់តាំងពីដំណាច់ឆ្នាំ២០១៤ ក្រុមហ៊ុន Vingroup បានបើក Vinmart ជាង៩៣កន្លែង ហើយថ្មីៗនេះបានរៀបចំគម្រោងបង្កើនឲ្យបាន២ពាន់ម៉ាតទៀតនៅឆ្នាំ២០១៦ ។
នៅក្នុងខែកក្កដា ម៉ាត 7-Eleven បានប្រកាសគម្រោងក្នុងការអភិវឌ្ឍហាងលក់ទំនិញ 7-Eleven ក្នុងប្រទេសវៀតណាម ។ ចំណែក FamilyMart របស់ជប៉ុន ក៏មានផែនការបង្កើនបរិមាណហាងលក់ទំនិញធំៗជាង២០០កន្លែងដែរនៅឆ្នាំក្រោយ ។
គួរបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនសាជីវកម្ម Mobile World Investment Corporation បានប្រកាសពីការអភិវឌ្ឍផ្សារលក់រាយ Bach Hoa Xanh តាមម៉ូដែល Alfamart របស់ឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ ជំហានដំបូងស្ថិតនៅចន្លោះពី៣០ ទៅ៥០ហាង ។
លោក Dinh Thi My Loan ប្រធានសមាគមអ្នកលក់រាយរបស់វៀតណាមថ្លែងថា ៖ «ការប្រកួតប្រជែងនឹងមានសភាពខ្លាំងក្លា ដែលមិនត្រឹមតែក្នុងចំណោម Mini ម៉ាតប៉ុណ្ណោះទេ ផ្សារលក់រាយដទៃទៀតក៏មានការប្រកួតប្រជែងដែរ ជាពិសេស ហាងលក់ទំនិញតាមបណ្តាញអនឡាញ» ។
ទោះជាយ៉ាងណា Nielsen Vietnam វាយតម្លៃថា Mini ម៉ាត និងបណ្តាហាងលក់ទំនិញធំៗនឹងបន្តរីកដុះដាលនៅទូទាំងប្រទេសវៀតណាម មិនត្រឹមតែនៅតាមបណ្តាទីក្រុងធំៗ ឡើយ ៕
ចែករំលែកព័តមាននេះ