ខេត្តបាត់ដំបង ៖ កងទ័ពតាមព្រំដែនចាប់បានមេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបាន។
ការឃាត់ខ្លួនមេខ្យល់ទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ខណ:ពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នាក់ ក្នុងនោះប្រុសចំនួន៥នាក់ ស្រីចំនួន៤នាក់ និងកុមារចំនួន១នាក់ ត្រង់ចំណុចភូមិសាស្ត្រស្ពានបី ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
អនុសេនីយ៍ត្រី រ៉េន ឌិន មេបញ្ជាការរង កងអនុសេនាធំទី៣ វរសេនាតូច ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានរាយការណ៍ថា ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងប៉ូលិសការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងកំរៀង ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងមេរោគឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅម៉ោង៧ព្រឹកថៃ្ងទី៤ ខែឧសភា ឆ្នាំ២០២១ ខណ:លោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ប្រទះឃើញមេខ្យល់ប្តីប្រពន្ធ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាន នគរបាលស្រុកកម្រៀងចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា មេខ្យល់ទាំង២នាក់ដែលត្រូវបានចាប់ខ្លួនខាងលើ ក្នុងនោះម្នាក់ឈ្មោះ ភោគ ផឿន (ហៅនាង) ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ សៅ ធី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។ បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកកម្រៀង ចំណែកឯពលករទាំង១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកកំរៀង ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ