រាជធានីភ្នំពេញ ៖ អ្នកវិនិយោគទុនកូរ៉េកំពុងសម្លឹងមើលទីផ្សារលក់ផលិតផលកូរ៉េតាមបណ្តាញសង្គម និងអនឡាញនៅកម្ពុជា ដែលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកំពុងមានការពេញនិយមខ្លាំង ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន ។
លោក ដុង ហ៊ុនស៊ីន អ្នកវិនិយោគកូរ៉េមួយរូបដែលចាប់អារម្មណ៍លើទីផ្សារអនឡាញនៅកម្ពុជា បានមានប្រសាសន៍ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៩ តុលា នៅអគារពាណិជ្ជកម្មកូរ៉េថា ៖ «ផ្អែកតាមកំណើនសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា និងនៅលើពិភពលោក ការមមាញឹកច្រើនរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ទីផ្សារលក់ផលិតផលផ្សេងៗតាមប្រព័ន្ធអុីនធើរណេតកាន់តែចាំបាច់ និងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន» ។
លោកបន្តថា ៖ «ការទិញ ឬលក់ផលិតផលតាមប្រព័ន្ធអីុនធើរណេត គឺជានិន្នាការថ្មីមួយសម្រាប់ប្រទេសរីកចម្រើន ដែលធ្វើឱ្យយើងចំណេញពេលវេលា ចំណាយដើមទុនតិច ព្រមទាំងអាចរកប្រាក់ចំណេញបានច្រើន ជាពិសេសបង្ហាញពីភាពឆ្លាតវ័យក្នុងការស្វែងរកទិញផលិតផលដែលត្រូវការដោយងាយស្រួលផងដែរ» ។
លោកបន្ថែមថា ៖ «ការលក់ ឬទិញផលិតផលនៅតាមហាងលក់រាយ និងផ្សារទំនើប គឺជារឿងមួយហើយ ប៉ុន្តែនៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន ទីផ្សារបែបនេះនឹងត្រូវបាត់បង់អតិថិជនជាបណ្តើរៗ ដោយសារអ្នកទិញភាគច្រើនងាកមកទិញលក់ផលិតផលផ្សេងៗតាមប្រព័ន្ធអុីនធើរណេតវិញ ។ ការលក់ទំនិញតាមប្រព័ន្ធអុីនធើរណេតដែលទទួលជោគជ័យនោះទាមទារឱ្យអ្នកលក់មានចំណេះដឹងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ និងមានសមាជិកក្នុងបណ្តាញសង្គម ដូចជា ហ្វេសប៊ុក ធ្វីតធើ យូធូប វ៉ស់អាប់ ជាពិសេស ការផលិតត្រូវមានគុណភាព និងសេវាកម្មល្អ ទើបអតិថិជនមានការជឿទុកចិត្ត» ។
តាមការស្រាវជ្រាវរបស់ជនជាតិកូរ៉េដែលមានជំនាញផ្នែកលក់តាមប្រព័ន្ធអីុនធើរណេត បង្ហាញថា នៅកម្ពុជាបច្ចុប្បន្ននេះ អ្នកដែលចូលចិត្តទិញទំនិញតាមប្រព័ន្ធអីុនធើរណេតភាគច្រើនជាអ្នកមានជីវភាពធូរធា ជាពិសេសយុវវ័យមានអាយុចន្លោះពី១៨ឆ្នាំ ទៅជាង៣០ឆ្នាំ ហើយមធ្យោបាយក្នុងការទិញលក់នេះ ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនមានចំនួន៦៥ភាគរយ ក្រៅពីនេះមានកុំព្យូទ័រ និងមធ្យោបាយផ្សេងទៀត ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនអ្នកអាចប្រើប្រាស់អីុនធើរណេតនៅកម្ពុជាមានជិត៣លាននាក់ ក្នុងនោះមានការប្រើប្រាស់តាមទូរស័ព្ទដៃស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀត ។ ដោយឡែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ គិតត្រឹមខែសីហា ២០១៥ មានចំនួនទឹកប្រាក់ប្រមាណ៣០៥លានដុល្លារ ធៀបនឹងឆ្នាំ២០១៤កន្លងមក កើនឡើងប្រមាណ៨% ដែលក្នុងឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េមានប្រមាណជា២៨២លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ