ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​តៃវ៉ាន់​បោះទុន​100​លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិត​ជី​កសិកម្ម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ជីគីមី​កសិកម្ម​មួយ​កន្លែង​នឹង​លេច​រូបរាង​ឡើង​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត ដែល​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​មក​ពី​តៃវ៉ាន់ ។ រោងចក្រ​នេះ​បាន​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​សាងសង់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​ពី​គីឡូម៉ែត្រ​លេខ​១៤៤ ពី​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង ។

លោក Fu-Hsing Lee អគ្គនាយក​ក្រុមហ៊ុន Taiwan Fertilizer Co., Ltd ជា​អ្នក​វិនិយោគ​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ជីគីមី​កសិកម្ម​នេះ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ កាលពី​ថ្ងៃ​ទី​២០ តុលា ថា ៖ «​ក្រុមហ៊ុន​យើង​មានបទពិសោធន៍​ក្នុង​ការ​ផលិត​ជី​កសិកម្ម​អស់​រយៈពេល​៦៩​ឆ្នាំ​មក​ហើយ ហើយ​ការ​សម្រេចចិត្ត​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ដោយសារ​តែ​មើលឃើញ​ថា ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មានការ​អភិវឌ្ឍ ជា​ពិសេស កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ថេរ​ជុំវិញ​៧% ។ ម្យ៉ាងទៀត តម្រូវការ​ជីគីមី​កសិកម្ម ក៏​មាន​ច្រើន​ផង​ដែរ​នៅ​កម្ពុជា​» ។

លោក​បន្ត​ថា ៖ «​រោងចក្រ​ថ្មី​នេះ នឹង​ផលិត​ជី​គ្រប់​ប្រភេទ​ដែល​មានគុណ​ភាព​ខ្ពស់ សម្រាប់​បំពេញតម្រូវការ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​គោលបំណង​ឱ្យ​ពួក​គាត់​មាន​ជី​កសិកម្ម​ប្រើប្រាស់​គ្រប់​ប្រភេទ ព្រមទាំង​ជួយ​ឱ្យ​ដំណាំ​ដុះ​លូតលាស់​បាន​ឆាប់រហ័ស ។ ដោយសារ​តែ​ខ្ញុំ និង​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រពង្ស ជា​មិត្ត​រាប់អាន​គ្នា​យូរ​មក​ហើយ ទើប​ក្រុមហ៊ុន​យើង​សម្រេច​បោះទុន​បង្កើត​រោងចក្រ​ផលិត​ជី​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ពេល​នេះ​» ។

លោក លី​ម លាង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ឆក​កំពង់សោម បាន​មាន​ប្រសាសន៍​ថា ៖ «​ក្រុមហ៊ុន​តៃ​ហ្វើ របស់​លោក Lee បាន​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឆក​កំពង់សោម​នា​ពេល​នេះ គឺ​អាច​ជួយ​បាន​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ។ ការ​មក​វិនិយោគ​របស់​ក្រុមហ៊ុន​តៃ​ហ្វើ ដោយ​បង្កើត​រោងចក្រ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ អាច​ទប់ស្កាត់​ការ​នាំ​ចូល​ជី​ដែល​គ្មាន​គុណភាព ហើយ​ងាក​មក​ផលិត​ជី​មាន​គុណភាព​សម្រាប់​វិស័យ​កសិកម្ម ជា​ពិសេស​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួក​គាត់​ផង​ដែរ​» ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «​វា​ជា​រឿង​ល្អ​សម្រាប់​ការ​មក​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន​នៅ​ប្រទេស​កម្ពុជា ។ ខ្ញុំ​គិត​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ហាក់ដូចជា​នាំមុខ ចំណែក​សម្រាប់​វិស័យ​ផ្សេង​ទៀត​ក៏​ដូច្នេះ​ដែរ ។ ជាក់ស្ដែង ទេសចរ​ជនជាតិ​ចិន ក៏​បាន​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​នាំមុខ​ច្រើន ។ ក្នុង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​សេដ្ឋកិច្ច​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​អនុគ្រោះ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ ព្រមទាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ពី​ប្រទេស​ចិន​នៅ​កម្ពុជា​ផង​ដែរ​» ។

លោក​បន្ត​ថា ៖ «​ការ​វិនិយោគ​របស់​ចិន ក៏​ដូច​ជា​ការ​វិនិយោគ​ផ្សេង​ៗ​ទៀត បើសិនជា​អាច​ធ្វើ​បាន​សម្រេច វា​នឹង​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​បង្កើត​ការងារ​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក ។ ប្រភេទ​ជីគីមី​ភាគច្រើន គឺ​ទទួល​អនុ​ផល​ពី​ប្រេង ឬ​ការ​ប្រើប្រាស់​អនុ​ផល​ពី​ប្រេង​ក្នុង​សង្វា​ក់​ផលិតកម្ម ។ ជាក់ស្ដែង កម្ពុជា​នឹង​ទាញ​យក​ប្រេង​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​នេះ ។ ដូច្នេះ​ការ​បង្កើត​ឧស្សាហកម្ម​ផលិត​ជី នឹង​អាច​យក​ប្រេង​នោះ​មក​ប្រើ ឬ​បម្រើ​ឱ្យ​ការ​បង្កើន​នូវ​ទំហំ​សេដ្ឋកិច្ច​ពី​អនុ​ផល​ប្រេង ឬ​កាក​សំណល់​ផ្សេង​ៗ​បាន​» ។

លោក​បញ្ជាក់​ថា ៖ «​ការ​បង្កើត​រោងចក្រ​ផលិត​ជី​ក្នុងស្រុក​អាច​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ជី​ពី​ខាងក្រៅ ជួយ​ឱ្យ​ជី​ក្នុងស្រុក​មាន​តម្លៃ​ទាប​ជាង​មុន និង​អាច​បង្កើន​ការ​នាំ​ចេញ​របស់​កម្ពុជា​បាន​ផង​ដែរ ។ ម្យ៉ាងទៀត ការ​វិនិយោគ​ឧស្សាហកម្ម​ជីគីមី​នៅ​កម្ពុជា ក៏​អាច​ជួយ​ជំរុញ​វិស័យ​ផ្សេង​ៗ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ឡើង​។ ជាក់ស្ដែង ការ​ផលិត​បាវ​សម្រាប់​ច្រក​ជី និង​តម្រូវការ​សេវាកម្ម​ដឹក​ជញ្ជូន​ជាដើម​» ។

គួរ​បញ្ជាក់​ថា រោងចក្រ​ផលិត​ជី​របស់​ក្រុមហ៊ុន​តៃ​ហ្វើ ដែល​ជា​ការ​វិនិយោគ​របស់​តៃវ៉ាន់ បាន​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​៦០​ហិ​កតា ហើយ​ត្រូវ​ចាប់ផ្ដើម​សាងសង់​ក្នុង​អំឡុង​ខែវិច្ឆិកា ២០១៥ ខាង​មុខ ។ ចំពោះ​ដំណើរការ​សាងសង់​វិញ គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​ពេល​ចាប់ផ្ដើម ។

ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស​ឆក​កំពង់សោម មាន​ផ្ទៃដី​ប្រមាណ​១៥០០​ហិ​កតា លាតសន្ធឹង​ក្នុង​ឃុំ​ជ្រោយ​ស្វាយ និង​ឃុំ​កំពង់​លួង ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ ការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​អស់​ទឹកប្រាក់​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕