ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​10​កន្លែង​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​ក្នុង​លោក

8 ឆ្នាំ មុន

ក្នុង​ពិភពលោក​មាន​កន្លែង​ជា​ច្រើន​គ្រាន់តែ​ឮឈ្មោះ​ព្រឺ​សម្បុរគីង្គក់​មុន​ទៅ​ហើយ ។ តទៅ​នេះ​គឺ​ទីតាំង​១០​ដែល​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ទៅ​ជិត ។

១-មន្ទីរពេទ្យ​ឆ្កួត​ដែល​គេ​បោះបង់​ចោល​យូរ​ឆ្នាំ
លើ​ខ្ពង់រាប​កាន​(Cane) មាន​មន្ទីរពេទ្យ​ឆ្កួត​មួយ​ត្រូវ​បាន​បោះបង់​ចោល​តាំងពី​យូរ​នៅ Croydon

ក្នុង​ពិភពលោក​មាន​កន្លែង​ជា​ច្រើន​គ្រាន់តែ​ឮឈ្មោះ​ព្រឺ​សម្បុរគីង្គក់​មុន​ទៅ​ហើយ ។ តទៅ​នេះ​គឺ​ទីតាំង​១០​ដែល​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ទៅ​ជិត ។

១-មន្ទីរពេទ្យ​ឆ្កួត​ដែល​គេ​បោះបង់​ចោល​យូរ​ឆ្នាំ
លើ​ខ្ពង់រាប​កាន​(Cane) មាន​មន្ទីរពេទ្យ​ឆ្កួត​មួយ​ត្រូវ​បាន​បោះបង់​ចោល​តាំងពី​យូរ​នៅ Croydon នាទី​ក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​។  បើកទ្វារ​ដំបូង​ក្នុង​ឆ្នាំ​១៨៨២ មន្ទីរពេទ្យ​ឆ្កួត​លើ​ខ្ពង់រាប​កាន ព្យាបាល​អ្នកជំងឺ​សរសៃប្រសាទ​បាន​សរុប​២.០០០​នាក់ ។ លុះដល់​ឆ្នាំ​១៩៩១ ពេល​អ្នកជំងឺ​សរសៃប្រសាទ​កាន់តែ​មាន​ចំនួន​តិច​ទៅ​ៗ មន្ទីរពេទ្យ​ឆ្កួត​មួយ​នេះ​ក៏​ត្រូវ​បោះបង់​ចោល ។ ខណៈ​អ្នកជំងឺ និង​បុគ្គលិក​ពេទ្យ​ផ្ទេរ​ទៅ​កន្លែង​ផ្សេង គ្រែ​ជា​ច្រើន និង​សម្ភារ​បរិក្ខារ ផ្សេង​ៗ ទុក​ចោល​អា​រាត់​អា​រាយ​ពាសពេញ ហើយ​ក៏​ខូច​បង់​តាម​ខែ​ឆ្នាំ ។ ប្រវត្តិ​ស្ងាត់ជ្រងំ​រាប់​សិប​ឆ្នាំ ជាមួយ​គ្រឿង​ប្រើប្រាស់ ចាស់​ៗ​របស់​ទីនោះ យូរ​ទៅ​ក្លាយជា​ទីកន្លែង​ដែល​គេ​តំណាល ត​ៗ​គ្នា​មានព្រលឹង​ខ្មោច​ជា​ច្រើន​ចូល​រស់នៅ​ជំនួស​មនុស្ស ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកមាន​អបិយ​ជំនឿ​ខ្លាច​លែង​ហ៊ាន​ចូល​ជិត ។

២-​បឹង​ល្បាប់ Manchac 
ទិដ្ឋភាព​អួរ​អាប់ ផ្នូរ​សមូហភាព​រាប់​សិប ក្រពើ​ទ្វីបអាមេរិក​កាច​សាហាវ ក៏​ដូច​ដើមឈើ ធំ​ៗ​មាន​រូបរាង​ចម្លែក គឺជា​លក្ខណៈ​ពិសេស​ធ្វើ​ឱ្យ​បឹង​ល្បាប់ Manchac នៅ​រដ្ឋ Louisiana សហរដ្ឋអាមេរិក​ត្រូវ​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ទីតាំង​មួយ​ចំណោម​ទីតាំង​គួរ​ឱ្យ​ខ្លាច​បំផុត ។

៣-​ទីប្រជុំជន​ខ្មោច Bhangarh
Bhangarh ជាទី​ប្រជុំជន​ដែល​ត្រូវ​អ្នកស្រុក​រត់​ចោល​ក្លាយជា​រហោស្ថាន​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ក្រោយមក​លេចឮ​ពាក្យ​ចចាមអារ៉ាម ច្រើន​ឡើង​ៗ​ពី​ខ្មោច​ព្រាយ​អុកឡុក ធ្វើ​ឱ្យ​អតីត​ទីប្រជុំជន​នោះ​លែង​មាន​អ្នក​ណា​ហ៊ាន​ទៅ​ក្បែរ​។ គេ​តំណាល​ថា​ដំបូង​មានការ​បង្កើត​ទីប្រជុំជន Bhangarh ក្នុង​ឆ្នាំ​១៥៧៣ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ​ម្ចាស់​ឥណ្ឌា​មួយ​ព្រះ​អង្គ តែ​ដោយ​ជាប់ជំពាក់​បណ្តាសា​ទើប​ឆ្នាំ​១៧៨៣ មនុស្ស​ក្នុង​ទីប្រជុំជន​រត់​ចោលផ្ទះ​សម្បែង​ទៅ​រស់នៅ​កន្លែង​ផ្សេង​អស់រលីង ហើយ​ច្រើន​ឆ្នាំ​ក្រោយមក Bhangarh ក្លាយជា​ទីតាំង​មួយ​គួរ​ឱ្យ​ខ្លាច​បំផុត ដែល​មនុស្ស​ម្នា​ភាគច្រើន​លែង​ហ៊ាន​ឆ្លងកាត់ ពិសេស​ពេល ព្រលប់​ៗ និង​ពេល​យប់ ។

៤-​ទីប្រជុំជន​ខ្មោច Centralia
ឆ្នាំ​១៩៦២ ក្រុម​ពន្លត់​អគ្គិភ័យ​អា​មេ​រិ​កមួយ​ក្រុម​ប្រមូល​សំរាម​ដុត​ក្បែរ​អណ្តូងប្រេង​ដែល​គេ​បោះបង់​ចោល​មួយ​នៅ​ទីប្រជុំជន Centralia ដើម្បី​សម្អាត​ទីប្រជុំជន ដឹង​អី​អណ្តាតភ្លើង​ឆេះ​រាលដាល​ចូល​គ្រប់​កន្លុកកន្លៀត​របស់​អណ្តូងប្រេង មិនតែប៉ុណ្ណោះ​ថែម​ទាំង​ឆាបឆេះ​រាលដាល​ចូល​ផ្ទៃដី​ក្រោមផ្ទះ​ប្រជាជន​ទៀត ។ ជា​លទ្ធផល អ្នកស្រុក​នៅ​ទីប្រជុំជន Centralia រត់​ចោល​លំនៅ​ឋាន និង​ផ្សារផ្សោ​អស់រលីង​។ មហន្តរាយ​នៅ​មាន​ពាសពេញ​ទីប្រជុំជន Centralia  រួម​មាន​ឧស្ម័ន​ពុល និង​ក្លិន​អាក្រក់ ផ្សែង​ពិបាក​កម្ចាត់​បាន ។ ទន្ទឹម​គ្នា​នោះ ផ្លូវថ្នល់​ខ្វាត់ខ្វែង​ក្នុង​ទីប្រជុំជន​ត្រូវ​ប្រេះ​បាក់​ស្រុត​ខ្ទេចខ្ទី​អស់ ។

៥-​ទ្វារ​ឋាននរក
នេះ​ជា​អណ្តូង​ហ្គា​ស​ធម្មជាតិ មាត់​លើ​ទំហំ​៩៩​ម៉ែត្រ ដែល​ឆេះ​ជាប់​រហូត​ជាង​៤០​ឆ្នាំ​មក​ហើយ ។ ឆ្នាំ​១៩៧១ ពេល​ស្រាវជ្រាវ​ភូមិសាស្ត្រ​ក្នុង​សមុទ្រ​ខ្សាច់ Karakum នៅ​ប្រទេស​តួ​មេ​នី​ស្ថាន នា​អាស៊ី​កណ្តាល អ្នក​ភូគព្ភសាស្ត្រ​សូ​វៀត​មួយ​ក្រុម​ស្វាន​ត្រូវ​អណ្តូង​ហ្គា​ស​ធម្មជាតិ​មួយ ។ ដោយ​បារម្ភ​ហ្គា​ស​ធ្លាយ​ចេញ​ក្រៅ​តាម​រន្ធ​ស្វាន​នោះ ពួក​ភូគព្ភសាស្ត្រ​សូ​វៀត​សម្រេចចិត្ត​ដុត​មាត់់​អណ្តូង​ហ្គា​ស ដោយ​គិត​ថា​យ៉ាងច្រើន​វា​ឆេះ​បួនដប់​ថ្ងៃ​នឹង​រលត់​ទៅ​វិញ ព្រោះ​លែង​មាន​ហ្គា​ស​បាញ់​ចេញ​ទៀត ។ ដឹង​អី​គ្រប់យ៉ាង​ផ្ទុយ​ស្រឡះ​ពី​ការ​យល់​ឃើញ​នោះ ដោយហេតុ​ចំនួន​ហ្គា​ស​នៅ​ក្រោម​ដី​ច្រើន​ពេក វា​ឆេះ​ជាប់​រាប់​សិប​ឆ្នាំ​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​ក៏​ក្លាយជា​កន្លែង​ដែល​គេ​នាំ​គ្នា​ហៅ​ថា​ទ្វារ​ឋាននរក​យ៉ាង​រត់មាត់ ។

៦-​ទី​សក្ការៈ​ឋាន​រក
គេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នៅ​ប្រទេស​ទុ​យ​នី​ស៊ី អាហ្វ្រិក​ខាងជើង ទី​សក្ការៈ​ឋាននរក គឺជា​ទី​ដែល​ផ្ទុក​ពេញ​ដោយ​ផ្នូរ​កុមា​រា កុមារី តូច​ៗ​។ តាម​ការ​សន្និដ្ឋាន​របស់​ពួក​អ្នកប្រាជ្ញ​បុរាណវិទ្យា កុមារ តូច​ៗ​ទាំងនោះ ប្រហែល​ក្លាយជា​ជន​រង​គ្រោះ​ក្នុង​ការ​សម្លាប់​រង្គាល​សាហាវ​មួយ​កាលពី​សម័យ​បុរាណ ។ មិនតែប៉ុណ្ណោះ​ក្មេង តូច​ៗ​ទាំងនោះ អាច​ត្រូវ​សម្លាប់​ដើម្បី​ស៊ីសាច់​ទៀត​ផង ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក្តី ការ​សន្និដ្ឋាន​នេះ មិន​ទាន់​ប្រាកដ​ថា​ត្រឹមត្រូវ​មួយ​រយ​ភាគរយ ឬ​យ៉ាងម៉េច​ទៀត​នៅឡើយ ។

៧-​ទីប្រជុំជន​ខ្មោច Pripyat
ទីតាំង​មួយ​ចំណោម​ទីតាំង​ដែល​គេ​ខ្លាច​បំផុត​ក្នុង​លោក គឺ​ទីប្រជុំជន​ខ្មោច Pripyat របស់​ប្រទេស​អ៊ុយ​ក្រែ​ន ។ មហន្តរាយ​បរមាណូ​ឆ្នាំ​១៩៨៦ ធ្វើ​ឱ្យ​រោងចក្រ​អគ្គិសនី​បរមាណូ Chenobyl ត្រូវ​បិទទ្វារ​ទាំងស្រុង​បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​ត្រូវ​ស្លាប់ ហើយ​អ្នក​នៅ​រស់​រត់​ចោលផ្ទះ​សម្បែង​ភូមិឋាន ។ សូ​ម្បី​អ្នក​រស់់នៅ​ក្បែរ​ទីប្រជុំជន​នោះ​ក៏​រត់​ខ្ទេចខ្ទី​អស់ បន្សល់​តែ​ដំបន់​ធំ​ល្វឹងល្វើយ​ស្ងាត់ជ្រងំ​រហូត​ដល់​សព្វថ្ងៃ ។ បច្ចុប្បន្ន​ទីប្រជុំជន Pripyat និង​ទីប្រជុំជន​ជិតខាង​ក្លាយជា​ទីតាំង​មរណៈ​គួរ​ឱ្យ​ខ្លាច​អត់​មាន​អ្នក​ណា​ហ៊ាន​ទៅ​ក្បែរ​ឡើយ ដោយសារ​វិទ្យុសកម្ម​នៅ​តែ​មាន ហើយ​អាច​យក​ជីវិត​មនុស្ស​ណា​ក៏​បាន ។

៨-​រូងភ្នំ Actun Tunichil Muknal
រូងភ្នំ Actun Tunichil Muknal ទាំងមូល​ទីណា​ក៏​មាន​គ្រោងឆ្អឹង​មនុស្ស​រកេតរកូត​គួរ​ឱ្យ​ព្រឺក្បាល ដែល​អ្នកប្រាជ្ញ​ខាង​បុរាណវិទ្យា​និយាយ​ថា អ្នក​ស្លាប់​ទាំងនោះ​ជា​ជន​រង​គ្រោះ​ដោយសារ​ជំនឿ​បូជាយញ្ញ​របស់​ជនជាតិ Maya បុរាណ នៅ​អា​មេ​រិ​ក​ខាងត្បូង ។ ចំណោម​គ្រោ​ឆ្អឹង​ទាំងនោះ គ្រោងឆ្អឹង​មួ​ួ​យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ ដែល​ហៅ​ថា Crystal Maiden របស់​ស្រី​ក្រមុំ​ព្រហ្មចារី​វ័យក្មេង​ម្នាក់ ត្រូវ​សម្លាប់​ដើម្បី​បូជាយញ្ញ ។

៩-​ព្រៃ​អត្តឃាត Aokighara
Aokighara  មាន​ន័យ​ថា​សមុទ្រ​ដើមឈើ តែ​វា​ក៏​ត្រូវ​បាន​ហៅ​ឈ្មោះ​មួយទៀត​ថា Jukai មាន​ន័យ​ថា ព្រៃ​ធ្វើ​អត្តឃាត ព្រោះ​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់​ពេល​ជួប​វិបត្តិ​ធ្ងន់​ពេក ដោះស្រាយ​មិន​ចេញ​តែងតែ​លួច​ទៅ​ធ្វើ​អត្តឃាត​ក្នុង​ព្រៃ​ដ៏​ក្រាស់​នោះ  ។ ការ​លេចឮ​ពាក្យ​ចចាមអារ៉ាម​តាំងពី​យូរលង់​ថា មានព្រលឹង​ខ្មោច​កំណាច​រាប់រយ​នៅ​សណ្ឋិត​ទាំងថ្ងៃទាំងយប់ ធ្វើ​ឱ្យ​ព្រៃ Jukai បាន​បង្កើត​ក្រុម​ស្វែងរក​មួយ​ដែល​មាន​ភារកិច្ច​ស្វែងរក​សព​អ្នក​សម្លាប់​ខ្លួន​ដើម្បី​យក​ទៅ​ឱ្យ​គ្រួសារ​ធ្វើ​បុណ្យឧទ្ទិសកុសល និង​បញ្ចុះ បូជា​តាម​ប្រពៃណី ។ នៅ​ពេល​មាន​អ្នក​ណា​ម្នាក់​ស្រាប់តែ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ហើយ​គ្រួសារ​សង្ស័យ​ថា​ប្រហែលជា​សម្លាប់​ខ្លួន​ក្នុង​ព្រៃ Jukai នោះ គេ​ប្រញាប់ប្រញាល់​បញ្ជូន​ក្រុម​ស្វែងរក​ដែល​មាន​សមាជិក​រាប់​សិប​នាក់​ចូល​ទៅ​រក​សព​ក្នុង​ព្រៃ Jukai ភ្លាម ។

១០-​ទី​ស្មសាន Chauchilla
ស្ថិត​នៅ​កណ្តាល​សមុទ្រ​ខ្សាច់​ស្ងាត់ជ្រងំ ឃ្លាត​ពី​ក្រុង Nazea របស់​ប្រទេស​ប៉េ​រូ​៣០​គីឡូម៉ែត្រ ទី​ស្មសាន Chauchilla ជាទី​តាំង​មួយ​គួរ​ឱ្យ​ព្រឺ​សម្បុរគីង្គក់ ព្រោះ​ងាក​មើលទៅ​ណា​ក៏​ឃើញ​តែ​គ្រោងឆ្អឹង​ខ្មោច​សស្គុស រួម​ជាមួយ​ជំនឿ​អ្នកស្រុក​នៅ​ជុំវិញ​ដែល​តែងតែ​ជឿ​ថា​ទីនោះ​ពោរពេញ​ដោយ​ខ្មោច​ព្រាយ​កាច​សាហាវ​សំបើម​មែនទែន ។ គ្រោងឆ្អឹង​ខ្មោច នីមួយ​ៗ​គេ​ដាក់​ឱ្យ​អង្គុយ​ដោយ​ខ្នង​ចូល​ជញ្ជាំង​ភ្នំ ។ ទី​ស្មសាន​នោះ​កើត​មាន​តាំងពី​សតវត្ស​ទី​៩ តែ​រហូត​ដល់​ឆ្នាំ​១៩២០ ទើប​មនុស្ស​ប្រទះ​ឃើញ និង​ភ្ញាក់ផ្អើល​ខ្លាំង ៕  តាម​ឯកសារ​បរទេស