រាជធានីភ្នំពេញ ៖ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហាក់មានសញ្ញាថមថយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចកំណត់ភូមិសាស្រ្តខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឹ ត្រូវបានកំណត់យកជាភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។ ដូច្នេះភូមិសាស្ត្ររាជធានី-ខេត្តសុរប ៨ ហើយដែលក្រសួងបានកំណត់ឱ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ចាប់ពីមានការផ្ទុះឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា «ចំពោះបុគ្គលដែមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ត្រូវកំណត់ក្នុងប្រការ ៣ និងប្រការ៤ នៃប្រកាសលេខ ០៨១ ស.ន.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងកំលុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍» ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី » ។
បន្ថែមពីលើនេះ លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីអនុវត្តឱ្យបានម៉ឹងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមឱ្យសាធារណជនទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
សូមរម្លឹកថា ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា បានប្រកាសកំណត់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាសឱ្យបានគ្រប់គ្នា និងរក្សាគម្លាតសុវត្ថិភាពឱ្យបានចំនួន ១ម៉ែត្រកន្លះ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ៗថា បុគ្គលណាដែលមិនពាក់ម៉ាសនៅទីសាធារណៈ និងកន្លែងជួបជុំមនុស្សច្រើន និងមិនរក្សាគម្លាតបុគ្គល គឺនឹងត្រូវរងការផាកពិន័យជា ទឹកប្រាក់ពីចន្លោះ ២០ម៉ឺនរៀលទៅ១លានរៀល ។
បន្ទាប់មក នៅថ្ងៃទី២៤ ខែមីនា ក្រសួងសុខាភិបាលបានកំណត់ថា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ព្រៃវែង និងសៀមរាប ត្រូវបានកំណត់ជាភូមិសាស្រ្តដែលមានការរាលដាលជំងឺកូវីដ១៩។ ដូច្នេះទីតាំងទាំងនេះ តម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព តាមការកំណត់របស់ក្រសួងសុខាភិបាល អំឡុងពេលការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍៕
ចែករំលែកព័តមាននេះ