ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋជាង៣០នាក់មកពី៣ភូមិ គឺភូមិបឹងដូនប៉ា ចុងកៅស៊ូ ក្នុងសង្កាត់ស្លក្រាម និងភូមិព្រៃគុយ ក្នុងសង្កាត់អំពិល នៃក្រុងសៀមរាបបានលើកគ្នាឈរកាន់បដាស្រែកមីក្រូបំពងសម្លេងនៅពីខាងមុខមជ្ឈមណ្ឌលអាជ្ញាធរអប្សរាដើម្បីទាមទារឱ្យលោកបណ្ឌិតសភាចារ្យ សុខ អាន ជួយដោះស្រាយដីដែលនៅជាប់តំបន់បុរីសណ្ឋាគារអង្គរ។
ប៉ុន្តែក្នុងពេលក្រុមពលរដ្ឋទៅដល់មុខមជ្ឈមណ្ឌលអាជ្ញាធរអប្សរាពីខាងកើត ត្រូវបានកម្លាំងរបស់អប្សរា និងសមត្ថកិច្ចចម្រុះបានដាក់ពង្រាយរារាំងមិនឱ្យចូល ព្រមទាំងយករថយន្តកូរ៉េពីរគ្រឿងដាក់ពាំងផ្លូវមិនឱ្យក្បួននោះហែចូលទៅក្នុងអាគារឡើយ។
ហេតុការណ៍តវ៉ានោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ តុលា ២០១៥ នៅទីប្រជុំជនអង្គរឃ្យូងយូ រួចបន្តទៅកាន់អាជ្ញាធរអប្សរា និងវិលត្រឡប់មកសាលាវិញ បន្ទាប់ពីកម្លាំងរបស់អាជ្ញាធរអប្សរា និងសមត្ថកិច្ច រារាំងមិនឱ្យចូលជួប។
ក្រុមពលរដ្ឋដែលឈរនៅពីមុខខ្លោងទ្វារចូលមជ្ឈមណ្ឌលអាជ្ញាធរអប្សរាខាងកើតបានលើកឡើងព្រមៗគ្នាថា ពួកគាត់មកនេះគឺសុំជួបលោកបណ្ឌិតសភាចារ្យ សុខ អាន ដើម្បីសុំឱ្យលោកជួយដោះស្រាយដីទាំងបីភូមិ គឺភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូក្នុងសង្កាត់ស្លក្រាមនិងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ជាប់ក្នុងតំបន់អប្សរា ដោយសារតែក្នុងភូមិទាំង៣ខាងលើនេះ សម្តេចបានប្រកាសកាត់ចេញពីអប្សរាហើយ តែហេតុអីពួកគាត់មួយចំនួននៅតែជាប់អប្សរាដដែល។
ក្នុងពេលសាងសង់ ដាំដុះឬអាស្រ័យផលផ្សេងៗ ត្រូវខាងអប្សរាមកហាមឃាត់ ថែមទាំងរុះរើផ្ទះសម្បែងទៀតផង សូម្បីតែធ្វើទ្រុងមាន់តូចមួយក៏មិនបានផង។
ជុំវិញករណីខាងលើនេះដែរខាងមន្ត្រីអាជ្ញាធរអប្សរាបានអនុញ្ញាតឱ្យតំណាង៤ទៅ៥នាក់ ចូលជួបលោកបណ្ឌិតសាស្ត្រាចារ្យ សុខ អាន តែពួកគេបានឆ្លើយប្រាប់មន្ត្រីអាជ្ញាធរអប្សរាវិញថា មកនេះគ្មានអ្នកតំណាងទេ បើឱ្យចូលគឺនាំគ្នាចូលទាំងអស់ ពីព្រោះខ្លាចគ្មានសុវត្ថិភាពពេលចូលទៅជួបជាមួយមន្ត្រីអប្សរានោះ។
មន្ត្រីអាជ្ញាធរអប្សរាបានបន្តថា ក្រុមពួកពលរដ្ឋដែលមកតវ៉ាសុំដីធ្លីទាំងនេះ គឺមិនមែនរស់នៅតំបន់ក្នុងបុរីសណ្ឋាគារអង្គរដែលគេហាមឃាត់របស់អាជ្ញាធរអប្សរាទេ ពួកគេមិនដឹងមកពីទីណាទេ ព្រោះខាងមន្ត្រីយើងសួរទៅមិនស្គាល់ភូមិ-ឃុំខ្លួនឯងផង។
ក្រុមពលរដ្ឋទាំងនោះបាននាំគ្នាឈរស្រែក ព្រមទាំងលើកបដារបស់សម្តេចតេជោ ពេញមុខខ្លោងទ្ធារខាងកើតរបស់មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានប្រហែល១ម៉ោងក៏បាននាំគ្នាជិះរថយន្ត និងម៉ូតូមកសាលាខេត្តវិញម្តង ព្រោះខាងអាជ្ញាធរអប្សរាមិនព្រមចេញមុខដោះស្រាយជូនពួកគាត់ ប៉ុន្តែសមត្ថកិច្ចនៅទីនោះបានរារាំងមិនអនុញ្ញាតឱ្យពួកគាត់ចូលទៀតទើបពួកគាត់ក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួនវិញ ដោយអះអាងថា ពួកគាត់នឹងនាំគ្នាមកធ្វើការតវ៉ាទៀតនៅថ្ងៃទី២៨ តុលាខាងមុខនេះ ហើយការតវ៉ាលើកក្រោយជាទ្រង់ទ្រាយធំជាងមុនទៀត។
ពួកគាត់បានបញ្ជាក់ថា បើថ្ងៃទី២៨ តុលានោះនៅមិនបានលទ្ធផលទៀត ពួកគាត់បន្តធ្វើជារៀងរហូត លុះត្រាណាអភិបាលខេត្ត ឬខាងអាជ្ញាធរអប្សរាដោះស្រាយជូនពួកគាត់បានលទ្ធផលចេញជាផ្លែផ្កាទើបឈប់៕







ចែករំលែកព័តមាននេះ