រាជធានីភ្នំពេញ ៖ បុរសរត់ម៉ូតូឌុបម្នាក់រងរបួសធ្ងន់ ខណៈពេលដឹកប៉ះចំក្រុមចោរ២នាក់បោកឱ្យដឹកទៅដល់កន្លែងស្ងាត់ដកកូនកាំបិតចេញពីចង្កេះចាក់ប្រហារទៅលើផ្ទៃមុខប្លន់យកម៉ូតូសង់កូរ៉េ យកទៅបាត់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ តុលា ២០១៥ នៅកែងផ្លូវលេខ៣៧១និងផ្លូវលេខ69BT ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសជាអ្នករត់ម៉ូតូឌុប ឈ្មោះ ឡាយ នី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ដោយសុវត្ថិភាពនោះ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ៤៨៩៨-ភព១ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់នោះ បានឱ្យជនរងគ្រោះដឹកចេញពីម្តុំសាលាបឹងត្របែកទៅកែងផ្លូវបេតុងលេខ69BTនិងផ្លូវលេខ៣៧១ តែនៅពេលគាត់ដឹកដល់ផ្លូវបេតុងនោះដោយផ្លូវនោះមានសភាពងងឹត ជាឱកាសល្អរបស់ជនសង្ស័យទាំង២នាក់បានដកកូនកាំបិតចេញពីចង្កេះ ចាក់ប្រហារទៅលើផ្ទៃមុខគាត់ត្រូវ២កូនកាំបិតហូរឈាមស្រោចពេញខ្លួន ពេលនោះគាត់ភ័យស្លន់ស្លោររត់ចោលម៉ូតូរកកន្លែងលាក់ខ្លួន បន្ទាប់មកជនសង្ស័យទាំង២នាក់នោះបានលើកម៉ូតូសង់កូរ៉េកញ្ចាស់នោះជិះរត់គេចបាត់ទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំអ្នករត់ម៉ូតូឌុបរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរង់ចាំដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ