ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២១ តុលា ២០១៥ នេះ ប្រជាពលរដ្ឋចំនួន១១៤គ្រួសារ ក្នុងចំណោម២៦២គ្រួសារ បាននាំគ្នាធ្វើការចាប់ឆ្នោតទទួលយកដីជាកម្មសិទ្ធិស្របច្បាប់ ដែលអាជ្ញាធរខេត្តប៉ៃលិនបានរៀបចំស្ថិតនៅខាងត្បូង ផ្លូវជាតិលេខ៥៧ ចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ដែលមានដីទំហំជាង៣ហិកតា ដើម្បីរៀបចំធ្វើផ្សារធ្វើផ្លូវបែងចែកជាដីឡូត៍ ដោយមានប្លង់ត្រឹមត្រូវសម្រាប់ពួកគាត់ ដែលកំពុងតែសង់លើដីឯកជនមានម្ចាស់ត្រង់ចំណុចសំបុកចាប ក្នុងភូមិ-ឃុំជាមួយគ្នា ។
បើតាមសម្តីលោកហុក សុផល ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិនបានឱ្យដឹងថា រហូតមកទល់ពេលនេះ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត បានរៀបចំសមាសភាពគណៈកម្មាការដោះស្រាយដីធ្លីមួយ ធ្វើការចុះស្រង់ទិន្នន័យចំនួនខ្នងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង ត្រង់ចំណុចសំបុកចាបក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីងាយស្រួលក្នុងការបែងចែកដីឡូត៍ថ្មីជូនពួកគាត់ទាំងនោះ ដោយដីបម្រុងស្ថិតនៅចំណុចលូដាច់ជាប់បណ្តោយផ្លូវជាតិលេខ១០ចាស់ ក្នុងភូមិជាមួយគ្នាដដែល ។
លោកបន្តថា រហូតមកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន១១៤គ្រួសារ ដែលបានស្ម័គចិត្តចាកចេញពីកន្លែងសំណង់អនាធិបតេយ្យទៅរស់នៅលើដីថ្មី ដែលអាជ្ញាធរខេត្តបានរៀបចំបម្រុងទុកឱ្យពួកគាត់ ហើយខាងមន្ទីរសូរិយោដីកំពុងតែខិតខំប្រឹងប្រែង រៀបចំធ្វើប្លង់ជូនពួកគាត់គ្រប់ៗគ្នាជាបណ្តើរៗអស់ហើយ ។ លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ចំនួន៦០% បានចុះឈ្មោះរួចរាល់ ហើយក៏មកធ្វើការបោះឆ្នោតទទួលយកទីតាំងដីដែលខ្លួនត្រូវរស់នៅធ្វើជាកម្មសិទ្ធិស្របច្បាប់ ។ បន្ទាប់ពីចាប់ឆ្នោតរួច បើពួកគាត់ណាម្នាក់ ចង់ប្តូរទីតាំងជាមួយគ្នាឯងក៏អាចធ្វើទៅបានផងដែរ ។





ចែករំលែកព័តមាននេះ