ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍​! អ្នកជំងឺ​៣​នាក់ ផ្ទុក​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទ្វេ​ដង​ចេញពី​ឥណ្ឌា

2 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣​នាក់ នៅ​ភាគ​ខាងជើង ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា រក​ឃើញ​ឆ្លងប្រភេទ​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ទ្វេ​ដង ត្រូវ​បាន​គេ​កំណត់​ថា B.1.617 ដែល​មាន​ប្រភព​ពី​ឥណ្ឌា…

ទីក្រុង​ហាណូយ ៖ អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣​នាក់ នៅ​ភាគ​ខាងជើង ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា រក​ឃើញ​ឆ្លងប្រភេទ​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ទ្វេ​ដង ត្រូវ​បាន​គេ​កំណត់​ថា B.1.617 ដែល​មាន​ប្រភព​ពី​ឥណ្ឌា ដែល​នេះ​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ដំបូង​បង្អស់​របស់​ប្រទេស​វៀតណាម ជាមួយ​វីរុស​ប​ម្លែ​ង​ថ្មី​ទ្វេ​ដង​នេះ បើ​យោង​តាម​សារព័ត៌មាន​វៀតណាម vnexpress ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ​ឧសភា​ ២០២១ ​។

អ្នកជំងឺ​នៅ​ខេត្ត​វី​ញ​ភុ​ក Vinh Phuc បាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួនថ្មី​ទ្វេ​ដង ពី​ក្រុម​អ្នកជំនាញ​ចិន កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ នេះ​គឺជា​លើក​ទី​២ ហើយ​ដែល​មេរោគ​ប្រភេទ B.1.617 ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ជា​លើក​ដំបូង នៃ​ការ​ឆ្លង​ក្នុង​សហគមន៍ ។

ប្រទេស​វៀតណាម បាន​រក​ឃើញ​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ទ្វេ​ដង​របស់​ឥណ្ឌា B.1.617 កាលពី ៨​ថ្ងៃមុន នៅ​ក្នុង​ក្រុម​អ្នកជំនាញ​ឥណ្ឌា ផង​ដែរ ។ ក្រុម​អ្នកជំនាញ​ឥណ្ឌា​ត្រូវ​បាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ពេល​មក​ដល់​សណ្ឋាគារ Nhu Nguyet 2 នៅ​ខេត្ត Yen Bai ភាគ​ខាងជើង​ប្រទេស​វៀតណាម ហើយ​បាន​ចម្លង​វីរុស​ប្រភេទ​ថ្មី​នេះ ទៅ​បុរស​ទទួលភ្ញៀវ ដែល​ធ្វើការ​នៅ​សណ្ឋាគារ​នេះ ។ ករណី​បែប​នេះ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ទេ ។

អ្នកជំងឺ​៣​នាក់ នៅ​ខេត្ត​វី​ញ​ភុ​ក Vinh Phuc ផ្ទុក​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ទ្វេ​ដង​នេះ ស្ថិត​ក្នុង​ចំណោម​ស្ត្រី​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៦​នាក់ ជា​បុគ្គលិក​បម្រើ​ការ​ក្នុង​បារ ដែល​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​បាន​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ក្រុម​អ្នកជំនាញ​ជនជាតិ​ចិន ចំនួន​៥ នាក់ ។

ក្រុម​អ្នកជំនាញ​ជនជាតិ​ចិន ទាំង​៥​នាក់ បាន​មក​ដល់​ប្រទេស​វៀតណាម នៅ​ដើម​ខែមេសា ហើយ​ត្រូវ​បាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ Nhu Nguyet 2 ចាប់ពី​ថ្ងៃ​ទី​៩ ដល់ទី​២៣ ខែមេសា ដែល​ក្នុងអំឡុងពេល​នោះ ពួក​គេ​បាន​ធ្វើតេស្ត អវិជ្ជមាន​បី​ដង ។

បន្ទាប់​ពី​បញ្ចប់​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​របស់​ពួក​គេ បុរស​ទាំង​៥​នាក់​នោះ បាន​ចាប់ផ្តើម​ធ្វើការ​នៅ​ក្រុមហ៊ុន Trung Bac នៅ​ក្នុង​ខេត្ត​ភាគ​ខាងជើង និង​បន្ត​ត្រួតពិនិត្យ​សុខភាព​របស់​ពួក​គេ រយៈពេល​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ផ្សេង​ទៀត ដោយ​បុគ្គលិក​ពេទ្យ​ក្នុងស្រុក ។

ទោះ​យ៉ាងណា ក្រុម​អ្នកជំនាញ​ចិន បាន​ចាក​ចេញពី​សណ្ឋាគារ​របស់​ពួក​គេ និង​បាន​ទៅ​ទស្សនា​តំបន់​ជា​ច្រើន នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែមេសា ២០២១ ។ នៅ​ថ្ងៃ​ទី ២៨ ខែមេសា ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​តាម​ច្រកព្រំដែន​ហ៊ួ​ង​ជី ក្នុង​ខេត្ត​ឡា​ង​សុង ។ ពួក​គេ ០៤​នាក់ ក្នុង​ចំណោម​ទាំង ៥​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​ចិន អះអាង​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​ទ្វេ​ដង ។

រហូត​មក​ដល់​ពេល​នេះ ក្រុម​នេះ បាន​នាំ​ឲ្យ​មានការ​ឆ្លង​ចំនួន ១៥​ករណី​ហើយ នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ចំនួន ១៤​នាក់ នៅ​ខេត្ត​វិញ​ភុ​ក និង​០១​នាក់ នៅ​ទីក្រុង​ហាណូយ ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​០៤ ឧសភា ២០២១ ប្រទេស​វៀតណាម រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ចំនួន​១៤​ករណី​បន្ថែម នាំ​ឲ្យ​ចំនួន​សរុប​កើនឡើង​ដល់ ២,៩៩៥​នាក់​, អ្នកជំងឺ​ជា​សះស្បើយ សរុប​ចំនួន ២,៥៦០​នាក់ និង​ស្លាប់​សរុប​ចំនួន ៣៥​នាក់ ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ត្រកូល B.1.617 ត្រូវ​បាន​គេ​ស្គាល់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែធ្នូ ។ វីរុស​ប​ម្លែ​ង​ថ្មី​ទ្វេ​ដង​នេះ(E484Q និង L452R) វា​ងាយ​ឆ្លង និង​អាច​បន្សាប​អង្គ​ប​ដិ​ប្រាណ អាច​និយាយ​បាន​ថា វា​យកឈ្នះ​លើ​អង់ទីគ័រ​បាន បណ្តាល​ឲ្យ​អ្នកជំងឺ​ធ្ងន់ធ្ងរ ឬ​អស់​ភាពស៊ាំ នៃ​វ៉ាក់សាំង ។ វីរុស​ប​ម្លែ​ង​ថ្មី មាន​ប្រភេទ​ផ្សេង​ទៀត ដែល​មាន​ហានិភ័យ​ដូច​គ្នា ដូច​ជា​ការ​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ប្រេ​ស៊ី​ល និង​អាហ្វ្រិក​ខាងត្បូង និងលើក​ចុង​ក្រោយ​នេះ ​រក​ឃើញ វីរុស​ប​ម្លែ​ង​ថ្មី​(ទ្វេ​ដង) នៅ​ឥណ្ឌា ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​៣០ មេ​សា ២០២១ គឺជា​ខួប​លើក​ទី​៤៦​ឆ្នាំ នៃ​ទិវា​បង្រួបបង្រួម​ប្រទេស របស់​វៀតណាម គឺ​វៀតណាម​ខាងជើង និង វៀតណាម​ខាងត្បូង ។ ជា​ការ​ចូលរួម​អបអរ ប្រជាជន​វៀតណាម​ជា​ច្រើន​កុះករ បាន​ជួបជុំ​គ្នា ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ពិសេស​នៅ​ឆ្នេរសមុទ្រ ក្នុង​ទីក្រុង Vung Tau នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម មាន​មនុស្ស​ម្នា កកកុញ ដោយ​គ្មាន​ការ​ពាក់​ម៉ាស គ្មាន​ការ​រក្សារ​គម្លាត​សង្គម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ