ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយ​សាងសង់​ផ្លូវ​ជាច្រើន​ខ្សែ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជួយ​ដល់​ពលរដ្ឋ ស្រួល​ធ្វើដំណើរ​

2 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្ត​ត្បូងឃ្មុំ​៖ គ្រោះទឹកជំនន់​ទន្លេមេគង្គ បានធ្វើឱ្យ​ទំនប់​បង្ហៀរទឹក ត្រង់ចំណុច​ព្រែក​តាក្វាន់ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​ខូចខាត ដោយ​មិន​អាចធ្វើ​ចរាចរណ៍​បាន​។ ដោយមាន​ការគិតគូរ​ខ្ពស់​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា…

​ខេត្ត​ត្បូងឃ្មុំ​៖ គ្រោះទឹកជំនន់​ទន្លេមេគង្គ បានធ្វើឱ្យ​ទំនប់​បង្ហៀរទឹក ត្រង់ចំណុច​ព្រែក​តាក្វាន់ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​ខូចខាត ដោយ​មិន​អាចធ្វើ​ចរាចរណ៍​បាន​។ ដោយមាន​ការគិតគូរ​ខ្ពស់​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ខេត្ត​ត្បូងឃ្មុំ បាន​ចាត់​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ជួសជុល​ជាបន្ទាន់ ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ងាយស្រួល​ធ្វើដំណើរ​ទៅវិញទៅមក​។​

​លោក ភិន ឈុន មេឃុំ​ទន្លេ​បិទ មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​ទន្លេ​បិទ ដោយ​ធ្វើដំណើរ​ក្នុង​រដូវប្រាំង មានការ​លំបាក ត្រូវ​ឆ្លងកាត់​ព្រែក​តាក្វាន់ ឆ្ពោះទៅ​ជី​ហែរ ស្រុក​កោះសូទិន ហើយ​ដល់​រដូវវស្សា ត្រូវ​ជិះទូក ឆ្លង​ព្រែក ដោយ​ត្រូវ​ចំណាយ​ថវិកា និង​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។

​លោក​មេឃុំ​បន្តថា រហូតមកដល់​ឆ្នាំ​២០១៥ ត្រូវបាន​ឯកឧត្តម ជា សុផារ៉ា ជួយ​សាងសង់​ស្ពាន និង​ទំនប់​បង្ហៀរទឹក នៅ​ព្រែក​តាក្វាន់​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ សម្រាប់​អ្នក ដែល​រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​។​

​លោក​មេឃុំ​ទន្លេ​បិទ មានប្រសាសន៍​បន្តថា ជាមួយនឹង​សមិទ្ធផល​ថ្មីស្រឡាង បានធ្វើឱ្យ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី នាំគ្នា​ត្រេកអរ​យ៉ាងខ្លាំង​។ តែ​បាន​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គ្រោះទឹកជំនន់​ទន្លេមេគង្គ បាន​ហូរ​ខ្លាំង ចេញពី​ចំណុច​ស្ពាន​មាត់​ឃ្មង់ ដោយបាន​ហូរ​ត្របាញ់ បុក​មក​ចំ​ទំនប់​បង្ហៀរទឹក នៅ​ព្រែក​តាក្វាន់ ជាហេតុ បណ្ដាល​ឱ្យដាច់​ដី និង​បេតុង ត្រូវ​បាក់ស្រុត រង​ការខូចខាត មិនអាច​ជិះ​ម៉ូតូ និង​បើកបរ​រថយន្ត ឆ្លងកាត់​បាន​។

​ចំណែក​លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ឆ្នាំ​២០១៩ គ្រា​ដែល​ទឹកទន្លេ​មេគង្គ​ឡើង​ធំ ដោយ​ធ្វើឱ្យ​ទំនប់​បង្ហៀរទឹក នៅ​ព្រែក​តាក្វាន់ បាន​រង​ការខូចខាត​ជា​ដំណំ ព្រោះថា ក្នុង​មួយថ្ងៃ ទឹកទន្លេ​ស្រក ដល់ ១.៥០​ម៉ែត្រ ដែល​ធ្វើឱ្យ​កំពស់​នីវ៉ូ រវាង​បឹង និង​ទឹកទន្លេ ខុសគ្នា​ច្រើន ហើយ​កម្លាំង​ទឹក បាន​ហូរ​ចេញពី​បឹង បុក​ចំ​ទំនប់​បង្ហៀរទឹក ទើប​ជាហេតុ បណ្ដាល​ឲ្យ​ខូច​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ពេលដែល​សំណង់​ស្ពាន រួមទាំង​ទំនប់​បង្ហៀរទឹក ត្រូវបាន​សាងសង់​រួចរាល់ បាន​រយៈពេល ៤​ឆ្នាំ ក៏មាន​គ្រោះទឹកជំនន់​ធំ ធ្វើឱ្យ​សំណង់​ទំនប់​បេតុង ត្រូវបាន​រង​ការខូចខាត​។​

​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ថា ក្រោម​ការចង្អុលបង្ហាញ និង​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មកដល់​ក្នុង​ខែមេសា ឆ្នាំ​២០២១ បាន​ឲ្យ​ក្រុម​ជាង មក​សាងសង់​ទំនប់​បង្ហៀរទឹក នៅ​ព្រែក​តាក្វាន់ សាជាថ្មី​ឡើងវិញ ព្រមទាំង​បាន​ប្រើ​បច្ចេកទេស​ថ្មី ដើម្បី​ធ្វើយ៉ាងណា ឱ្យមាន​គុណភាព​រឹងមាំ​ជាង​មុន ព្រមទាំង​ទប់ទល់​នឹង​គ្រោះធម្មជាតិ​ទឹកជំនន់​ពី​ទន្លេមេគង្គ​។ ជាមួយ​នោះ ក៏បាន​ត​ភ្ជាប់​ផ្លូវ​បេតុង​ពី​ឃុំ​ទន្លេ​បិទ រហូតដល់​ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដែលមាន​ប្រវែង ៥.៥០០​ម៉ែត្រ ។

ក្រៅពីនេះ មន្ទីរ បាន​សាងសង់​ផ្លូវ​បេតុង​ពី​ស្ពាន​ពាមជីលាំង ដល់​ថ្ម​ពេជ្រ​ចម្ងាយ ១២​គីឡូម៉ែត្រ​។ ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​កាពរ​ប្រាំ ដល់​ត្រពាំង​ព្រលឹត ចម្ងាយ ១១​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​។ ពី​ក្រុង​សួង ដល់​ឃុំ​ល្ងៀង ចម្ងាយ ៧.៥​គីឡូម៉ែត្រ ប្រភេទ​ផ្លូវ​កៅស៊ូ​។ ពី​ផ្សារ​ក្នុងស្រុក​អូររាំងឪ ដល់​ព្រំប្រទល់​ស្រុក​កោះសូទិន ចម្ងាយ ១២​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង ក្រោម​ការផ្គត់ផ្គង់​ពី​មូលនិធិ World Bank ដោយមាន​ប​ដិ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំពោះ​សមិទ្ធិផល​ផ្លូវ​ទាំង​ប្រាំ​ខ្សែ​នេះ អាច​នឹង​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២ នឹង​រួចរាល់​១០០%៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ