រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានអែបស្តាំបម្រុងឈប់ដាក់អីវ៉ាន់ស្រាប់តែទាក់មែកក្ងោកបណ្តាលឱ្យបាក់ដើមក្ងោក១ដើមកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ តុលា ២០១៥ នៅចំណុចហួសស្តុបទួលទំពូងបន្តិច តាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ១គ្រឿង មានក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7587 បើកតាមបណ្ដោយមហាវិថីម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិច ខណៈហួសស្តុបទួលទំពូងបន្តិចក៏អែបស្តាំបម្រុងឈប់ដាក់អីវ៉ាន់ ស្រាប់តែកន្ទុយកុងតឺន័របានទាក់នឹងមែកក្ងោកបណ្តាលឱ្យបាក់ដើមក្ងោកអស់១ដើមតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការនគរបាលខណ្ឌចំការមនដើម្បីធ្វើការសាកសួរផងដែរ ៕



ចែករំលែកព័តមាននេះ