រាជធានីភ្នំពេញ ៖ រថយន្តយីឌុប១គ្រឿងបានបើកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវឆ្លងទៅបុកម៉ូតូសេ១២៥មួយគ្រឿងបណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយបន្តទៅបុករបងផែស្ងួតសូងួនបាក់អស់មួយផ្ទាំងធំទៀតផង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី២១ តុលា ២០១៥ នៅចំណុចមុខផែស្ងួត សូ ងួន តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបម៉ាកហ៊ីណូមានក្បាលពណ៌សឆ្នូតផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3A-2287 បើកបរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែរេចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ដែលកំពុងជិះនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យបុរសអ្នកជិះម៉ូតូ២នាក់ ម្នាក់បានដាច់ខ្លួនជាពីរកំណាត់ ឯម្នាក់ទៀតធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូខូចខាតខ្ទេចខ្ទីទាំងស្រុង ។ ប៉ុន្នឹងហើយអំណាចនៃល្បឿនមិនទាន់អស់នៅឡើយរថយន្តយីឌុបនោះបានបន្តទៅបុករបងផែស្ងួត សូ ងួន បាក់អស់មួយផ្ទាំងធំទៀតទើបឈប់ ។ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ៕






ចែករំលែកព័តមាននេះ