ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានធ្វើការចុះបង្ក្រាបទីតាំងចិញ្ចឹមត្រីឆ្ដោខុសច្បាប់២កន្លែង ដែលមានទីតាំងនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២១ តុលា ២០១៥ ព្រមទាំងរឹបអូសកូនត្រីឆ្ដោប្រមាណជាង២ម៉ឺន៥ពាន់កូនយកទៅព្រលែងនៅក្នុងអាងបារាយណ៍ខ្លះ និងកម្ទេចចោលនៅនឹងកន្លែងខ្លះ ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចបានហៅម្ចាស់ស្រះចិញ្ចឹមត្រីឆ្ដោខុសច្បាប់ទាំង២កន្លែងដែលមានឈ្មោះ យង់ លាង ភេទប្រុស និង ឈ្មោះ សុខា ភេទប្រុស មានទីលំនៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើកិច្ចសន្យា ព្រមទាំងធ្វើការផាកពិន័យ ដើម្បីឱ្យម្ចាស់ស្រះទាំង២នាក់បញ្ឈប់ការចិញ្ចឹមត្រីឆ្តោ តែបើនៅតែបន្តលួចចិញ្ចឹមប្រភេទត្រីដែលរដ្ឋបានហាមឃាត់នេះទៀត នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ។ ក្នុងនោះដែរកម្លាំងជំនាញក៏បានធ្វើការចាប់ប្រមូលត្រីទាំង២ស្រះនោះយកទៅព្រលែងនៅអាងបារាយណ៍មួយចំនួន និងមួយចំនួនទៀតធ្វើការសម្លាប់ចោលនៅនឹងកន្លែង ដែលសរុបទាំងអស់មានប្រមាណជាង២ម៉ឺន៥ពាន់ក្បាល ។
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសក្នុងការចិញ្ចឹមត្រីឆ្តោខុសច្បាប់នេះ គឺមិនត្រឹមតែធ្វើនៅដែនគោកប៉ុណ្ណោះទេ នឹងបន្តធ្វើនៅតាមដែនទឹកក្នុងបឹងទន្លេសាប នៃក្នុងភូមិសាស្ត្រខេត្តសៀមរាបឱ្យដូចភ្លៀងរលឹម ទាំងការចិញ្ចឹមត្រីឆ្តោ និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសខុសច្បាប់ ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះដែលចូលរួមប្រតិបត្តិការនេះរួមមាន កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ខណ្ឌរដ្ឋបាលជលផលខេត្ត, មន្ទីរបរិស្ថាន, អាជ្ញាធរស្រុក, អាជ្ញាធរឃុំ, សមត្ថកិច្ចស្រុក ព្រមទាំងផ្នែកសឹករងស្រុកផងដែរ ៕






ចែករំលែកព័តមាននេះ