ខេត្តព្រះសីហនុ ៖ កម្មករនេសាទម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ តុលា ២០១៥ ដោយចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំលោភនារីម្នាក់មិនបានសម្រេច ។
ប្រភពពីសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ភូ ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករនេសាទ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែកនារីរងគ្រោះ អាយុ២១ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិជាមួយគ្នា ។ ជនសង្ស័យបានហែកជញ្ជាំងផ្ទះចូលទៅប៉ុនប៉ុងចាប់រំលោភកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ តុលា ២០១៥ ខណៈនារីរងគ្រោះកំពុងដេកលក់ក្នុងបន្ទប់តែម្នាក់ ប៉ុន្តែត្រូវនាងភ្ញាក់ដឹងខ្លួនទាន់ ហើយរើបម្រះ និងស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរក៏រត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបន្តទៀតថា លុះភ្លឺឡើងនារីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង ហើយក៏បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនបានភ្លាមៗបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកាត់ទោសតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ