ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៧នាក់ជាប់ពាក់ព័ន្ធរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ តុលា ២០១៥ ស្ថិតនៅក្នុងភូមិ១ និងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ បញ្ជូនខ្លួនទៅសាលាដំបូងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២១តុលា នេះ ។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវដឹងតម្រុយរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅភូមិភូមិ១ និងភូមិ២ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ និងដកហូតវត្ថុតាមួយចំនួនទៀត ។
ជនសង្ស័យទាំង៧នាក់ខាងលើនេះ មាន ១-ឈ្មោះ អៀ វឌ្ឍនា ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកលាងចានតាមរោងការ រស់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ២-ឈ្មោះ ហ៊ឹម ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជាព្រូរថយន្ត រស់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ៣-ឈ្មោះ កង ពុទ្ឋារី ភេទប្រុស ២៦ឆ្នាំ ជាជាងជួសជុលទូរស័ព្ទរស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ៤-ឈ្មោះ អឿន រិទ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ៥-ឈ្មោះ គង់ កីឡាកាស ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ៦-ឈ្មោះ ទឹម ចំរ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ និង៧-ឈ្មោះ លឹម មករ៉ា ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ចំណែកវត្ថុតាង រួមមាន ម្សៅសថ្លាចំនូន៧កញ្ចប់ ថង់វេចខ្ចប់២៧ ទុយោសម្រាប់ជក់ ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ២គ្រឿង និងប្រាក់ខ្មែរចំនួន៣១.៥០០រៀល ព្រមទាំងសម្ភារមួយចំនួនទៀត ៕



ចែករំលែកព័តមាននេះ