ប្រទេសស្លូវេនីជាប្រទេសតូចមួយក្នុងចំណោមប្រទេសតូចៗនៅអឺរ៉ុប ពេលនេះដល់វេនប្រឈមមុខនឹងការមកដល់របស់ពួកអន្តោប្រវេសន៍ជាច្រើនពាន់នាក់ មុនពេលរលកថ្មីនៃជនអន្តោប្រវេសន៍មកដល់ទៀតពីប្រទេសតួកគី។
សភាស្លូវេនីបានអនុម័តផ្តល់អំណាចថ្មីដល់កងទ័ពឱ្យលើកមកជួយប៉ូលិស ក្នុងការប្រឈមមុខនឹងការសម្រុកមករបស់ពួកអន្តោប្រវេសន៍នៅតាមព្រំដែន ហើយស្នើសុំជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ក្នុងឱកាសនៃសម័យប្រជុំវិសាមញ្ញមួយ ដែលប្រព្រឹត្តទៅរហូតដល់ព្រឹកព្រលឹមថ្ងៃទី២១ តុលា ។
នៅចុងទាំង២នៃផ្លូវថ្នល់ឆ្ពោះទៅកាន់អឺរ៉ុបខាងលិច សភាពការណ៍ជិតដល់លែងគ្រប់គ្រងបាន ។ ប្រទេសក្រិករយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប្រឈមនឹងការសម្រុកចូលរបស់ពួកអន្តោប្រវេសន៍យ៉ាងច្រើន ចំណែកប្រទេសស្លូវេនីនិយាយថា ការសម្រុកចូលរបស់ពួកអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនមានច្រើនខ្លាំងណាស់ ។
រដ្ឋាភិបាលស្លូវេនី ខណៈជនអន្តោប្រវេសន៍ដល់ទៅជិត១៩.៥០០នាក់សម្រុកចូលដែនដីខ្លួនចាប់តាំងពីថ្ងៃទី១៧ តុលា មក បានអំពាវនាវឱ្យមានការជួយទ្រទ្រង់របស់សហភាពអឺរ៉ុប ដែលកំពុងជួបការលំបាកស្រាប់ ដើម្បីប្រឈមមុខនឹងសភាពការណ៍នេះ ដែលពុំធ្លាប់មានពីមុនមក ។
បន្ទាប់ពីប្រទេសហុងគ្រីបិទព្រំដែនជាមួយក្រូអាស៊ីពួកអន្តោប្រវេសន៍ ពេលនេះងាកមកសម្រុកចូលស្លូវេនី ជាប្រទេសតូចមួយមានប្រជាជន២លាននាក់ ដែលសម្រេចហៅរកជំនួយរបស់កងទ័ពឱ្យជួយទប់ការហូរចូលយ៉ាងគំហុកបែបនេះ ។ រដ្ឋាភិបាលប្រទេសនេះប្រកាសអាសន្នថា ការហូរចូលរបស់ពួកអន្តោប្រវេសន៍រយៈពេល៣ថ្ងៃចុងក្រោយនេះហួសពីលទ្ធភាពរបស់យើងហើយ ៕


ចែករំលែកព័តមាននេះ