ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ ខណៈពេលរត់ឆ្លងថ្នល់ត្រូវរថយន្តបុកកាលពីវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃទី១៩ តុលា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចបង្គោលភ្លើង០២៩៣ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
មន្ត្រីនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ប៉ូ ជាសិញ អាយុ៩ឆ្នាំ រស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ រី វី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ ជាអ្នកបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2U-0171 ។
ប្រភពដដែល បានបញ្ជាក់ថា តាមសាក្សីឃើញហេតុការណ៍និយាយថា មុនកើតហេតុ គេឃើញរថយន្តបើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បុកក្មេងប្រុសខាងលើដែលរត់ឆ្លងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។
ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកអ្នកបើកបរ និងរថយន្តបង្កត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ៕


ចែករំលែកព័តមាននេះ