មន្ទីរប៉ង់តាហ្គោនរាយការណ៍កាលពីថ្ងៃទី២០ តុលា ពីការចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងរុស្ស៊ីលើពិធីសារនៃកិច្ចព្រមព្រៀងមួយស្តីពីសន្តិសុខនៃប្រតិបត្តិការតាមអាកាសនៅស៊ីរី ខណៈប្រទេសទាំង២ធ្វើការវាយប្រហារតាមអាកាសដាច់ដោយឡែកពីគ្នាក្នុងប្រទេសនេះ ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក PETER COOK ក្នុងសន្និសីទសារព័ត៌មាននាទីក្រុងវ៉ាស៊ីនតោនថ្លែងថា អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃក្រសួងការពារប្រទេសអាមេរិក និងក្រសួងការពារប្រទេសរុស្ស៊ីបានចុះហត្ថលេខាលើពិធីសារនៃកិច្ចព្រមព្រៀងដែលទាក់ទិននឹងវិធានការនានា ដែលត្រូវអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃឧប្បត្តិហេតុរវាងកងយន្តហោះរបស់ក្រុមចម្រុះ និងកងយន្តហោះរុស្ស៊ីក្នុងដែនអាកាសស៊ីរី ។
យោងតាមលោក COOK ថា ពិធីសារសន្តិសុខពិសេសនេះត្រូវបានរៀបរៀងសម្រាប់ក្រុមអាកាសយានិករបស់ភាគីទាំង២ ក្នុងនោះរួមមានការប្រើហ្វ្រេកង់ទាក់ទងគ្នា ពិសេស និងបង្កើតការទាក់ទងគ្នានៅលើដី ។ កងទ័ពអាមេរិក និងរុស្ស៊ីក៏នឹងបង្កើតផងដែរ នូវក្រុមការងារមួយ ដើម្បីពិភាក្សាពីបណ្តាបញ្ហាដែលនឹងកើតមានឡើង ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ។
ប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ១០ថ្ងៃ បន្ទាប់ពីឧប្បត្តិហេតុមួយ ដែលបណ្តាយន្តហោះអាមេរិក និងយន្តហោះរុស្ស៊ីស្ថិតនៅកៀកគ្នាអាចមើលឃើញគ្នាទៅវិញទៅមកក្នុងឱកាសនៃបេសកកម្មមួយ ។
នៅលើទីលានវិញ ពលរដ្ឋស៊ីរីជាច្រើនសិបពាន់នាក់បានរត់ភៀសខ្លួនប្រឈមមុខនឹងការវាយលុករបស់កងទ័ពស៊ីរី គាំទ្រដោយកងយន្តហោះរុស្ស៊ីដែលក្នុងការវាយប្រហារជិត៦០០លើក រយៈពេល៣សប្តាហ៍សម្លាប់មនុស្ស៣៧០នាក់ ភាគច្រើនជាពួកឧទ្ទាម ។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរី OSDH ថា មនុស្ស១០០.០០០នាក់កាលពីថ្ងៃទី២០ តុលា បានរត់ភៀសខ្លួនចេញពីការវាយលុករបស់កងទ័ពស៊ីរីនៅខេត្តហាម៉ា អាឡែប និង LATTAQUIE ។ នៅខេត្តអាឡែប មនុស្សប្រមាណ៣៥.០០០នាក់បានភៀសខ្លួនចេញពីមូលដ្ឋាន HADER និង ZERBE ភាគនិរតីក្រុងអាឡែប ដោយសារការវាយលុករបស់រដ្ឋាភិបាលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
នៅខេត្តអាឡែប ដែលស្ថិតក្រោមការត្រួតត្រាស្ទើរទាំងស្រុង ដោយពួកឧទ្ទាមក្រុមរណសិរ្សអាល់ណូស្ត្រាសាខាអាល់កៃដានៅស៊ីរី និងពួកសម្ព័ន្ធមិត្តអ៊ិស្លាមនិយម ឬក៏ពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាម ក្នុងការវាយលុករបស់កងទ័ពរដ្ឋាភិបាល បើតាម OSDH ថា អាចដណ្តើមយកបានភូមិ៥ តែកាសែត AL WATAN ស្និទ្ធរបបស៊ីរីអះអាងថា កងទ័ពដណ្តើមយកបានភូមិ១៦ និងកូនភ្នំ៧ ។ យោងតាមកាសែតនេះថា ប្រតិបត្តិការវាយលុកនឹងកែប្រែស្ថានភាពជម្លោះក្នុងតំបន់នេះដោយកាត់ផ្តាច់ខ្សែបញ្ជូនកម្លាំងបន្ថែមរបស់ពួកឧទ្ទាមរវាងភាគខាងត្បូងខេត្តអាឡែប និងភាគខាងកើតខេត្តអុីដលីប ហើយដោយដណ្តើមកាន់កាប់ផ្លូវថ្នល់យុទ្ធសាស្ត្រអាឡែប- ហាម៉ា៕



ចែករំលែកព័តមាននេះ