រាជធានីភ្នំពេញ ៖ ជនសង្ស័យ ស្រី ប្រុស៤នាក់ ដែលតែងតែធ្វើសកម្មភាពលួច ឆក់យកកាបូប និងខ្សែ.កពីអ្នកដំណើរនៅលើទំនប់ទួលគោកត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទួលសង្កែ និងខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ តុលា ២០១៥ បន្ទាប់ពីធ្វើសកម្មភាពប្រវាយប្រតប់ឆក់ និងលួចខ្សែ.ក កាបូប ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅមួយគ្រឿងបានតែ១យប់ ។
នៅព្រឹកថ្ងៃទី២១ តុលា ជនសង្ស័យត្រូវបាននគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខជាសាធារណៈ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះឈុន ភារ: ហៅសក់វែងភេទប្រុស អាយុ២៩ឆ្នាំ, ២-ឈ្មោះមាន ភារម្យ ហៅភារម្យ ភេទប្រុស អាយុ២២ឆ្នាំ , ៣-ឈ្មោះ សុខ យ៉ាហៅសុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរនិង៤-ឈ្មោះញ៉ាញ់ ដានី ហៅតឿ ភេទស្រី អាយុ១៨ឆ្នាំ ។
អ្នកទាំង៤នាក់ខាងលើមានលំនៅផ្ទះជួល នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ុង ណុច ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកលក់ហ្គាស មានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
តាមលោកវរះសេនីយ៍ទោទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ដែលធ្វើសកម្មភាពលួចយ៉ាងសកម្មភាពនៅសេសសល់ បន្ទាប់ពីសមត្ថកិច្ចរបស់លោកបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៤ក្រុមមកហើយ។
ក្រុមជនសង្ស័យបានប្រើរូបភាពឱ្យស្ត្រីជាប្រពន្ធរបស់ខ្លួនដែលជាស្ត្រីរកស៊ីផ្លូវភេទនៅលើទំនប់ ធ្វើជាទៅអោបថើបជនរងគ្រោះ ហើយបន្លំលួច និងឆក់យកខ្សែ.ក កាបូបពីជនរងគ្រោះដែលធ្វើដំណើរតាមដងផ្លូវ និងទៅរកពួកនាងៗនោះ៕


ចែករំលែកព័តមាននេះ