រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ជា លក្ខណៈមិត្តភាពអន្តរជាតិនៅលើសង្វៀនស៊ីធីអិន ថ្ងៃសៅរ៍ទី២៤ តុលា ខាងមុខនេះ កីឡាករឯម សុធី មកពីក្លិបឫទ្ធីពោធិ៍សែនជ័យ ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករថៃឈ្មោះយុគថង ពីនស៊ីនឆៃ ក្នុងប្រភេទទម្ងន់៥៣គីឡូក្រាម និងកីឡាករចាន់ សំអាត មកពីក្លិបកងពលធំអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ជួប ប្រកួតជាមួយកីឡាករថៃឈ្មោះ ណាមឃេត ប៉ប្លាសុរិន្ទ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ឯម សុធី គឺជាអ្នកប្រដាល់ជើងចាស់មួយរូបដែលធ្លាប់ឡើងសង្វៀនប្រកួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនធ្លាប់មានមុខប្រកួតនៅលើសង្វៀនស៊ីធីអិន ម្ដងណាឡើយ ។ លើកនេះត្រូវបានលោកម៉ា សេរី រៀបចំឱ្យជួបប្រកួតជាមួយកីឡាករថៃដែលមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរ ។ លោកម៉ា សេរី អ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនបានអះអាងថា យុគថង ពីនស៊ីនឆៃ ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំមកហើយ ។ គេមានផ្លែកែង និងជង្គង់ល្អ ចិត្តក៏សឿងទៀត។ ចំណែកឯម សុធី មួយរយៈមកនេះមិនសូវឃើញលេចមុខលើសង្វៀនញឹកញាប់ដូចមុន មិនដឹងថា ថ្វីដៃប្រកួតនៅខ្លាំងដូចមុនឬយ៉ាងណា។ ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនធំនៅតែមានការជឿជាក់លើកីឡាកររូបនេះថាអាចទៅរួចជាមួយកីឡាករថៃដោយសារឯម សុធី មានស្នៀតគុនល្អមិនអន់ជាងថៃនោះទេ ។ តាមពិតអ្នកដែលត្រូវជួបប្រកួតជាមួយយុគថង ពីនស៊ីនឆៃ គឺជា សែន រ៉ាដេត ក្លិបអប្សរាគុនខ្មែរឯណោះទេ ប៉ុន្តែក្រោយមកបានផ្លាស់ប្ដូរដាក់ឯម សុធី ឱ្យប្រកួតជំនួសដោយសារសែន រ៉ាដេត មានបញ្ហាផ្នែកសុខភាព ។
មួយគូអន្តរជាតិទៀត កីឡាករចាន់ សំអាត ជួបប្រកួតជាមួយកីឡាករថៃឈ្មោះណាមឃេត ប៉ប្លាសុរិន្ទ ។ តាមពិត ចាន់ សំអាត គឺជាអ្នកប្រដាល់ជើងចាស់មួយរូបដោយគ្រាន់តែមួយរយៈមកនេះមិនឃើញលេចមុខនៅលើសង្វៀនញឹកញាប់ដូចមុន ។ ម្យ៉ាងវិញទៀតនេះគឺជាលើកទី១ហើយដែលកីឡាករមិនធ្លាប់ស្គាល់ប្រវត្តិគ្នាទាំងពីរជួបគ្នា ។ ដូច្នេះគូនេះបើចង់ដឹងថាអ្នកណាខ្លាំងជាងអ្នកណា ទាល់តែដល់ថ្ងៃប្រកួតគ្នាទើបអាចដឹងបាន ។
ដោយឡែកសម្រាប់គូប្រកួតមិត្តភាពធម្មតាវិញមាន កីឡាកររិទ្ធ អារុណ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយ កីឡាករភុំ ផល្លែត មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ និងកីឡាករភិន សុទី មកពីក្លិបខ្លារខិនមានរិទ្ធ ជួបប្រកួតជាមួយ កីឡាករគង់ វិចិត្រ មកពីក្លិបកងពលតូចលេខ៧០ ៕


ចែករំលែកព័តមាននេះ