ជីប្រ៊ីល ស៊ីសសេ អតីតខ្សែប្រយុទ្ធក្លិប Liverpool បានប្រកាសចូលនិវត្តន៍ក្នុងអាយុ៣៤ឆ្នាំទាំងទឹកភ្នែករលីងរលោងតាមរយៈស្ថានីយទូរទស្សន៍ និងត្រូវបានលោកហ្គី រុក អតីតគ្រូបង្វឹកAuxerre កោតសរសើរថា តាំងពីក្មេងរូបគេបានយកអស់កម្លាំងកាយចិត្តលើបាល់ទាត់ និងលេងបានល្អ ។ សេចក្ដីប្រកាសរបស់កីឡាកររូបនេះបានធ្វើឡើងក្រោយពីសាមីខ្លួននៅមិនទាន់់មានក្លិបថ្មីចាប់តាំងពីក្លិប Bastia ក្នុងលីកកំពូលរបស់បារាំងបណ្ដោយឱ្យចាកចេញកាលពីរដូវកាលកន្លងមក ។
តាមជីវប្រវត្តិរបស់កីឡាករស៊ីសសេ បានបង្ហាញថា ធ្លាប់ឆ្លងកាត់លេងឱ្យក្លិបចំនួន១២ រួមទាំងក្លិបMarseille ចំនួន២រដូវកាល ប៉ុន្តែកីឡាកររូបនេះ ទទួលជោគជ័យនៅក្នុងអាជីពនៅពេលលេងឱ្យក្លិបLiverpool ក្នុងរវាងពីឆ្នាំ២០០៤ ដល់២០០៧ ដោយជួយក្លិបឱ្យដណ្ដើមបានជើងឯក FA Cup, UEFA CHAMPIONS LEAGUE និង UEFA SUPER CUP និងស៊ុតបញ្ចូលទីសរុបចំនួន២៤គ្រាប់នៅគ្រប់កម្មវិធី ។
ជាអកុសលក្នុងរដូវកាល២០១៤-២០១៥ ជាអំឡុងពេលលេងឱ្យក្លិបBastia ស៊ីសសេបែរជាមិនអាចស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់ទើបគេឈប់ប្រឡូកក្នុងអាជីព ៕
ចែករំលែកព័តមាននេះ