រាជធានីភ្នំពេញ ៖ កាលពីចុងសប្តាហ៍មុន លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់បទសម្ភាសន៍ដ៏កម្រមួយជាមួយវិទ្យុ ABC អូស្ត្រាលីក្នុងឱកាសដែលលោកកំពុងបំពេញបេសកកម្មការងារនៅទីនោះ ។
ជាការកត់សម្គាល់លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឆ្លើយនឹងសំណួរដែលសួរថា តើលោកមានទស្សនៈវិស័យយ៉ាងដូចម្តេចក្នុងពេលដែលបណ្តាក្រុមអ្នកវិភាគ និងតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានវាយតម្លៃថា លោក ហ៊ុន ម៉ាណែត នឹងបន្តវេនពីឪពុករបស់ខ្លួនក្នុងតំណែងជាអ្នកដឹកនាំប្រទេស? ។
លោក ហ៊ុន ម៉ាណែត បានឆ្លើយអះអាងថា ការជ្រើសរើសមេដឹកនាំនៅកម្ពុជា គឺអាស្រ័យលើប្រជាពលរដ្ឋ ព្រោះប្រទេសកម្ពុជា បានប្រកាន់យកប្រព័ន្ធរបបប្រជាធិបតេយ្យសេរីពហុបក្ស ។ ដូច្នេះការជ្រើសរើសមេដឹកនាំ គឺត្រូវឆ្លងតាមរយៈនៃការបោះឆ្នោត ។
លោកបានបង្ហាញនូវការយល់ឃើញជាបុគ្គលថា ការវិវត្តន៍របស់ប្រទេសកម្ពុជាទៅថ្ងៃមុខទៀតគឺមានចំណុចសំខាន់ៗ មួយចំនួនដូចជា ទី១-ត្រូវរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍន៍ និងសុខដុមរមនារបស់សង្គម ២-ត្រូវបន្តការកសាងប្រទេសទាំងមូលដោយផ្អែកលើគោលការណ៍បង្កើនសេដ្ឋកិច្ចបង្កើនការងារឲ្យប្រជាពលរដ្ឋ ជាពិសេសការងារសម្រាប់យុវជន ។
រៀបចំយន្តការដើម្បីឲ្យផលកំណើនសេដ្ឋកិច្ចទាំងនោះបានចែកទៅដល់ប្រជាពលរដ្ឋគ្រប់គ្នា ស្របតាមគោលការណ៍សមធម៌ និងប្រសិទ្ធភាព ៣-នៅក្នុងយុគសម័យនេះប្រទេសកម្ពុជាត្រូវតែបង្កើននូវទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ទាំងនៅក្នុងតំបន់ និងពិភពលោក ។
ទាក់ទងនឹងសំណួរដែលសួរថា កន្លងមកមានការចុះផ្សាយថា លោក ហ៊ុន ម៉ាណែត ឡើងឋានៈលឿនដោយសារតែលោកជាកូនសម្តេចនាយករដ្ឋមន្ត្រីនោះ លោក ហ៊ុន ម៉ាណែត បកស្រាយថា ការលើកឡើងបែបនេះមិនមែនជារឿងថ្មីនោះទេ ព្រោះថា កាលពីលោករៀននៅបឋមសិក្សា ឬវិទ្យាល័យគឺលោករៀនបាននិទ្ទេសល្អជាបន្តបន្ទាប់ ហើយក៏មានគេនិយាយថា លោកមិនចាំបាច់រៀនក៏បានដែរ ព្រោះឪពុកជានាយករដ្ឋមន្ត្រី ។
ចំពោះបញ្ហានេះលោក ហ៊ុន ម៉ាណែត ស្នើសុំឲ្យគេទាំងអស់គ្នាចាប់អារម្មណ៍ថា លើពិភពលោកសព្វថ្ងៃនេះ ការប្រគល់ភារកិច្ចឲ្យអ្នកវ័យក្មេងទាំងយោធា ស៊ីវិលរួមទាំងវិស័យឯកជននោះ គឺមិនមានអ្វីដែលជាភាពមិនប្រក្រតីនោះទេ សំខាន់នៅកម្ពុជាយើង មេដឹកនាំកងទ័ពដែលមានវ័យចំណាស់ គឺគាត់បានដឹកនាំរយៈពេលជាង២០ឆ្នាំមកហើយ ហើយមានអ្នកខ្លះកាន់តួនាទីតាំងពីអាយុជាង២០ឆ្នាំមកម្ល៉េះ ។
ដូច្នេះការវាយតម្លៃថា លោកឡើងឋានៈលឿនដោយសារតែកូននាយករដ្ឋមន្ត្រីនោះ គឺមិនត្រឹមត្រូវនោះទេ ហើយសូមដកកត្តានេះចេញពីការវាយតម្លៃ ។ លោក ហ៊ុន ម៉ាណែត សុំឲ្យគ្រប់គ្នាចាត់ទុកលោកជាបុគ្គលម្នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដំឡើងឋានៈតួនាទី៕


ចែករំលែកព័តមាននេះ