រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលដែលបុរសម្នាក់ជិះម៉ូតូម៉ាកនិក អត់ស្លាកលេខ មួយគ្រឿង ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន តែបុរសរូបនេះមិនព្រមឱ្យឃាត់ ក៏ត្រូវប៉េអឹមម្នាក់មិនស្គាល់អត្តសញ្ញាណយកIDវាយបាក់ធ្មេញមុខអស់៣ ហើយបងប្អូនដែលនៅជិតនោះថតបានvideoសកម្មភាពខាងលើ បន្ទាប់មកបុរសរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ពិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល១ តែសមត្ថកិច្ចមិនទទួលពាក្យបណ្ដឹង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ តុលា តាមបណ្តោយផ្លូវ១៣៦ ម្តុំផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
យុវជនរងគ្រោះខាងលើឈ្មោះ ប៉ូ លីលា អាយុ២៦ឆ្នាំ ជាសន្តិសុខឯកជនមួយ ស្នាក់នៅក្នុងសង្កាត់ផ្សារអូរឫស្សី១ ខណ្ឌ៧មករា ។
បុរសរងគ្រោះដែលប៉េអឹមវាយបាក់ធ្មេញ បាននិយាយថា មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូម៉ាកស៊ុយហ្សឺគីនិក ពណ៌ត្រួយចេកលាយស អត់ទាន់មានស្លាកលេខ នៅលើចិញ្ចើមផ្លូវលេខ១៣៦ ដោយគាត់បានឡើងទៅកន្លែងធ្វើការរបស់គាត់ ខណៈនោះក៏មានPMខណ្ឌដូនពេញ បានមកចាប់យកម៉ូតូរបស់គាត់ដោយសួរថា ម៉ូតូរបស់អ្នក គាត់ឆ្លើយថា ម៉ូតូរបស់គាត់ នៅពេលនោះ PM ក៏សូមឃាត់ខ្លួន និងម៉ូតូ ព្រោះដើម្បីស្រាវជ្រាវ តែគាត់មិនព្រមឱ្យឃាត់ក៏មានការប្រវាយប្រតប់គ្នា ខណៈនោះ ក៏ត្រូវប៉េអឹមម្នាក់ដែលមិនស្គាល់អត្តសញ្ញាណនៅជិតនោះយកអាយឌីវាយគាត់បណ្តាលឱ្យបាក់ធ្មេញមុខអស់៣ ហើយគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ពិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ តែសមត្ថកិច្ចមិនទទួលពាក្យបណ្ដឹងទេ ដោយប្រាប់ថា រឿងPMទុកឱ្យPMជាអ្នកដោះស្រាយទៅ ។
ក្រោយពេលកើតហេតុ កងរាជអាវុធហត្ថខណ្ឌដូនពេញ បានយកម៉ូតូរបស់បុរសរងគ្រោះខាងលើទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុតហត្ថខណ្ឌដូនពេញដើម្បីស្រាវជ្រាវបន្ដ ៕


ចែករំលែកព័តមាននេះ